ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ចាត់ទុកសេវាដឹកជញ្ជូនមិនគិតថ្លៃ រួមចំណែក កាត់បន្ថយថវិកាបានខ្លះជូនពលរដ្ឋធ្វើដំណើរទៅជួបជុំគ្រួសារ ធ្វើបុណ្យទាននៅស្រុកកំណើត

ចែករំលែក៖

ភ្នំពេញ៖ សេវាដឹកជញ្ជូនមិនគិតថ្លៃ ជាការរួមចំណែក កាត់បន្ថយថវិកាបានខ្លះជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ទៅជួបជុំគ្រួសារ ធ្វើបុណ្យទាននៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ហោះឃ្លីបវីដេអូចុះពិនិត្យមើលការរៀបចំរថយន្ត ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានសរសេរភ្ជាប់ជាមួយឃ្លីបវីដេអូដូច្នេះថា៖ ឆ្លៀតពេលមុនកម្មវិធីផ្លូវការព្រឹកនេះ ទៅមើលការរៀបចំរថយន្ត ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត នៅតាមបណ្ដាខេត្តទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

សម្ដេចធិបតី បានសម្ដែងក្ដីរីករាយដែលឃើញលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ មានការសប្បាយចិត្ត ក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយ សាលារដ្ឋបាលរាជធានីភ្នំពេញ ។ 

នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។

សម្ដេចធិបតី សូមជូនពរលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ធ្វើដំណើរដោយសុវត្ថិភាព និងរីករាយជួបជុំក្រុមគ្រួសារ។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមអរគុណ ចំពោះសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរៀបចំការដឹកជញ្ជូននេះ បានល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖