ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យកងកម្លាំងសមត្ថកិច្ច បន្តប្រចាំការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោកអភិបាលខេត្ត បានណែនាំដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៤ ម្សិលមុិញ នៅសាលាខេត្តកំពង់ចាម និងបានផ្ដល់ថវិកាផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ។
លោក អភិបាលខេត្ត បានមានប្រសាសន៍ថា នៅថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃខាងមុខនេះ សម្រាប់សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ពិតជាមិនបានឈប់សម្រាកនោះទេ ផ្ទុយទៅវិញ សមត្ថកិច្ចកងកម្លាំងយើង ត្រូវមមាញឹក ក្នុងការថែរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសម្រួលចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមកលេងស្រុកកំណើត ឬធ្វើដំណើរទៅកន្លែងកំសាន្តនានា។
លោក អភិបាលខេត្ត បានរំលឹកផងដែរថា សមិទ្ធផលជាច្រើនដែលខេត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែយ៉ាងណាក៏ដោយ សូមឲ្យមន្ត្រីយើង បន្តអនុវត្តការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។
ជាមួយគ្នានេះមន្ត្រីរបស់យើងត្រូវរក្សាឲ្យបាននូវស្ថេរភាពម៉ាក្រូ និងអតិបរមានៅក្នុងខេត្តកំពង់ចាមរបស់យើង កុំឱ្យមានបញ្ហាកើតឡើង ។ ជាក់ស្ដែងតម្លៃទំនិញនៅតាមទីផ្សារ មកដល់បច្ចុប្បន្ននេះគឺយើងគ្រប់គ្រងបាន គ្មានការដំឡើងថ្លៃហួសកម្រិតនោះទេ ។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតាមរមណីយដ្ឋាននានា មន្ត្រីយើងបានចុះធ្វើការណែនាំ ដល់អ្នកលក់ដូរមិនឱ្យមានការតម្លើងថ្លៃនោះទេ នឹងបានចេញនូវវិធានការរក្សាតម្លៃ និងរក្សានូវសុវត្ថិភាពម្ហូបអាហារ ជូនដល់ភ្ញៀវទេសចរណ៍របស់យើងផងដែរ៕
ដោយ ៖ សិលា