ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅថៃ ឈរលំដាប់ទីពីរនៅអាស៊ី និងទី១នៅតំបន់អាស៊ាន

ចែករំលែក៖

ការត្រួតពិនិត្យសុវត្ថិភាពយានយន្ត ក៏បានចុះខ្សោយដែរដោយសារអំពើពុករលួយ ជាហេតុនាំអោយមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សយ៉ាងច្រើននៅក្នុងប្រទេសថៃ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា មនុស្សប្រហែល ២០,០០០នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ ដោយជាមធ្យមមានច្រើនជាង៥០នាក់ក្នុងមួយថ្ងៃ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថៃមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទី២នៅអាស៉ី បន្ទាប់ពីប្រទេសនេប៉ាល់ ហើយជាប់ចំណាត់ថ្នាក់ទី១៦នៅលើពិភពលោក ដូចគ្នានឹងប្រទេសឆាដ Chad ប្រទេស Guinea-Bissau ដែរ។ អង្គការឃ្លាំមើលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃ (Thai RSC) បានឱ្យដឹងថា នៅឆ្នាំនេះមានអ្នកស្លាប់ជាង ១០,០០០ នាក់ និងរបួស ៦០០,០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
អត្រាគ្រោះថ្នាក់និងអ្នកស្លាប់កើនឡើងខ្ពស់ មាននៅអំឡុងពេលប្រារព្ធពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំថ្មី និងសង្ក្រាន្ត ក៏ដូចជាបុណ្យអុំទូក។ ការបើកបហួសល្បឿនកំណត់ បើកបរក្នុងលក្ខណៈស្រវឹង ស្ថានភាពផ្លូវមិនល្អ និងយានយន្ដគ្មានសុវត្ថិភាព សុទ្ធតែបានរួមចំណែកបង្កគ្រោះថ្នាក់ចរារណ៍។
ដោយឡែក ការអនុវត្តច្បាប់សុវត្ថិភាពត្រូវបានបំផ្លាញជាយូរមកហើយ ដោយកត្តាប៉ូលិសចរាចរណ៍ខ្លះទទួលសំណូកហើយបិទភ្នែកចំពោះករណីល្មើសច្បាប់ ដូចជាការបើកបរហួសល្បឿនកំណត់ ឬអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ក្រៅពីនេះ ការត្រួតពិនិត្យសុវត្ថិភាពយានយន្ត ក៏បានចុះខ្សោយដែរដោយសារអំពើពុករលួយ។
ការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ច គិតជាទំហំទឹកប្រាក់ប្រហែល ១៥.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស៕ ដោយ៖ ធីរីណា

រូបថត៖ thaivisa.com


ចែករំលែក៖