ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យានៃប្រទេសចិនជំរុញឱ្យពិភពលោករួមគ្នាស្វែងរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា

ចែករំលែក៖

អន្តរជាតិ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ  ឃុំអវកាស ដែលឋិតនៅស្រុក ភីងឋាង ខេត្ត គុយចូវនៃប្រទេសចិនបានមានភាពអ៊ូអរក្រៃលែង ។ ដោយមកពីចំពេលវិស្សមកាលបុណ្យជាតិ បានជាមានអ្នកទេសចរចិននិងអន្តរជាតិជាច្រើនទៅទស្សនា “ភ្នែកមេឃារបស់ចិន”   តេឡេស្កូបយក្ស “FAST”ដែលមានទំហំធំបំផុតនៅលើពិភពលោក ។ ចាប់តាំងពីបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ២០១៦មក   តេឡេស្កូបយក្ស “FAST”មិនត្រឹមតែធ្វើឱ្យពិភពលោកអាចមើលឃើញកាន់តែឆ្ងាយកាន់តែច្បាស់ ហើយក៏បានរួមចំណែកជាពុទ្ធិចិនកាន់តែច្រើនក្នុងការស្ទង់រុករកអាថ៌កំបាំងនៃចក្រវាលរបស់មនុស្សជាតិ ក៏ដូចជាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ 

  គេហទំព័រ «CCFR China state-controlled media » សរសេរថា ៖ ភាពជោគជ័យរបស់ “ភ្នែកមេឃារបស់ចិន”គឺជាគំរូមួយនៃសមិទ្ធផលច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យារបស់ចិន ។ ឆ្នាំនេះ ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងរយៈ៧៥ឆ្នាំកន្លងមក ពីការបាញ់បង្ហោះដោយជោគជ័យនូវ”គ្រាប់បែកបរិមាណូ គ្រាប់បែកអ៊ីដ្រូហ្សែននិងផ្កាយរណបសិប្បនិមិត្ត ” ដល់យានអវកាស Shenzhou ហោះហើរលើអវកាស ពី “ឧបករណ៍ខួងសំបកផែនដីលេខមួយ”ខួងទៅជម្រៅផែនដី  “នាវាមុជទឹកFen dou ”ស្ទង់រុករកនៅសមុទ្រជ្រៅ ដល់ “យានអវកាសវាស់ស្ទង់ChangE” ស្ទង់រុករកភពព្រះចន្ទ និងបង្កើតឡើងបន្ទប់ពិសោធន៍អវកាសTiangong  ពីប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូអាចផ្តល់សេវាកម្មដោយចំគោលដៅនៅទូទាំងពិភពលោក ដល់Quantum Computer Prototype Jiu zhang  បានប្រសូតឡើង និងបច្ចេកទេសផ្លូវដែកល្បឿនលឿននាំមុខគេនៅទូទាំងពិភពលោក ។ល។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងនៃអ្នកវិទ្យាសាស្ត្រប៉ុន្មានជំនាន់ ប្រទេសចិនបានក្លាយជាប្រទេសដ៏សំខាន់មួយក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាលើពិភពលោក ។

    គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាមិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំងជំរុញជាគន្លឹះដល់ការធ្វើទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការអភិវឌ្ឍបច្ចេកវិទ្យានិងការផលិតដោយភាពវៃឆ្លាតនៃឧស្សាហកម្មពិភពលោកទាំងមួល ដែលបានរួមចំណែកយ៉ាងប្រាកដប្រជាដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ ។

        ចាប់ពីប្រទេសចិនបានផ្តួចផ្តើមឱ្យធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅឆ្នាំ១៩៥៦  ដល់បានលើកឡើងថា “វិទ្យាសាស្ត្រនិងបច្ចេកទេសជាកម្លាំងផលិតកម្មទីមួយ”នៅឆ្នាំ១៩៨៨   ចាប់ពីការអនុវត្តយុទ្ធសាស្ត្រកសាងប្រទេសខ្លាំងក្លាតាមរយៈវិទ្យាសាស្ត្រនិងការអប់រំកាលពីឆ្នាំ១៩៩៥ ដល់ការកំណត់ថានឹងកសាងប្រទេសបែបច្នៃប្រឌិតថ្មីកាលពីឆ្នាំ២០០៦ ពីសមាជបក្សលើកទី១៨ដែលបានលើកឡើងនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្ម ដល់សមាជបក្សលើកទី២០ដែលបានផ្តោតសំខាន់លើតួនាទីជាស្នូលរបស់ការច្នៃប្រឌិតថ្មីក្នុងកិច្ចកសាងទំនើបកម្ម ។ល។  ដំណាក់កាលដ៏សំខាន់នីមួយៗក្នុងប្រវត្តិសាស្ត្រសុទ្ធតែជាសាក្សីនៃការយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះការច្នៃប្រឌិតថ្មី ហើយក៏ជាសាក្សីនៃការតស៊ូព្យាយាមរបស់ប្រជាជនចិន ដែលបានបំបែកការបំបិទផ្លូវរបស់បរទេសតាមរយៈការរីកចម្រើនលើវិស័យបច្ចេកវិទ្យា ក៏ដូចជាជំរុញឱ្យកម្លាំងជាតិចម្រុះនិងឋានៈលើផ្ទៃអន្តរជាតិបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ ។

  បច្ចេកវិទ្យាគ្មានព្រំដែន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ចំនួនជាង១៦០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាចំនួន១១៨ច្បាប់ ។ “ក្រុមមិត្តភកិ្ត”របស់ប្រទេសចិនសម្រាប់បើកទូលាយនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាកាន់តែធំឡើងៗ ដែលបានជំរុញឱ្យពិភពលោករួមគ្នាស្វែងរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងរួមគ្នាចែករំលែកសមិទ្ធផល ។

  គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការកំណត់ក្បួនច្បាប់ រៀបចំរបៀបវារៈ ធ្វើអភិបាលកិច្ចនិងកំណែទម្រង់លើវិស័យបច្ចេកវិទ្យាសកល ព្រមនិងចូលរួមបញ្ហាពិភាក្សាអំពីការច្នៃប្រឌិតថ្មីនិងអភិបាលកិច្ចសកល ដូចជាសុខាភិបាលសាធារណៈនិងថាមពលស្អាតជាដើម ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចូលរួមអង្គការអន្តរជាតិនិងយន្តការពហុភាគីចំនួនជាង២រយ ដែលបានចូលរួមយ៉ាងស៊ីជម្រៅនូវផែនការនិងគម្រោងវិទ្យាសសាស្ត្រអន្តរជាតិដ៏សំខាន់ៗចំនួនជាង៦០ ដូចជារ៉េអាក់ទ័រពិសោធន៍ទែម៉ូណូគុលអន្តរជាតិ និងផែនការស្ទង់រុករកនៅមហាសមុទ្រអន្តរជាតិ ជាដើម ។

អាចរំពឹងទុកថា នៅពេលអនាគត ប្រទេសចិននឹងទទួលបានការច្នៃប្រឌិតថ្មីកាន់តែច្រើន និងរៀបចំ “គម្រោងធំៗ”កាន់តែច្រើន ដើម្បីផ្តល់ការទ្រទ្រង់ខាងបច្ចេកវិទ្យាដែលមានភាពកាន់តែខ្លាំងក្លាដល់ការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជារួមចំណែកជាកម្លាំងរបស់ចិនកាន់តែច្រើនដល់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖