ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញ ចូលរួម ក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការ ទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាង៦០០នាក់ នៅវត្តព្រែកចាម ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនបង្កើតរបស់ លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានឡើងជម្រាបជូនអំពីការចូលរួមកសាងនូវសមិទ្ធិផលនានា រួមមាន វត្តព្រែកចាម អាគារសាលាអនុវិទ្យាល័យបន្លិចប្រាសាទ និងផ្លូវបេតុងអាម៉េប្រវែង២១០០ម៉ែត្រ ដែលជាចំណងដៃដ៏ថៃ្លថ្លារបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១រដ្ឋសភានិងលោកជំទាវព្រមទាំងក្រុមគ្រួសារដើម្បី រួមចំណែកកសាងអភិវឌ្ឍស្រកកំណើតរបស់ខ្លួនឱ្យមានការរីកចម្រើនឡើង។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាងនាមឱ្យតំណាងរាស្ត្រទាំងអស់ មកពីមណ្ឌលខេត្តព្រៃវែង សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកពាម រក៍ នេះ ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោកឪពុក អ្នកម្តាយ បងប្អូនជនរួមជាតិ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យប្លូកទឹកប្លូកដីទូទាំងប្រទេសបាន១២០ លើ១២៥ អសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែងទទួលបាន១០អាសនៈ លើ១១អាសនៈ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកបំផុត ព្រមទាំងការគោរពជូនពរ ពីថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នជាតិ ជូនដល់ប្រជាជនស្រុកពាម រក៍ ទាំងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ អាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនអង្គពិធី អំពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយសង្គម-សេដ្ឋកិច្ច ព្រមទាំងស្ថានភាពទូទៅមួយចំនួនទៀត ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋអំពីតួនាទីភារកិច្ចសំខាន់ៗ ដែលរដ្ឋសភាត្រូវបំពេញ មានដូចជា ការងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងការពង្រឹងពង្រីកវិស័យការទូតសភាជាមួយបណ្ដាប្រទេសជាមិត្តជិតឆ្ងាយទូទាំងពិភពលោក និងថា រដ្ឋសភាក្នុងអាណត្តិទី៧នេះ គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕
ដោយ ៖ សិលា