មណ្ឌលគិរី៖ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរដែលបានមកទស្សនាខេត្តមណ្ឌលគិរី ក្នុងថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ សរុបចំនួន ១៥.១៦៥នាក់ កើនឡើង៩៧,៧១%(ធៀបឆ្នាំ២០២៣ ទេសចរសរុប ៧.៦៧០នាក់) ក្នុងនោះ៖ ទេសចរជាតិ ១៤.៧៣៧នាក់ កើនឡើង១០០,២៥%(ធៀបឆ្នាំ២០២៣ ទេសចរជាតិសរុប៧.៣៥៩នាក់) -ទេសចរបរទេស ៤២៨នាក់ កើនឡើង៣៧,៦២% (ធៀបឆ្នាំ២០២៣ សរុប៣១១នាក់ នេះតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
លោក បានបញ្ជាក់ថា មូលហេតុនៃការកើនឡើងចំនួនភ្ញៀវទេសចរឆ្នាំនេះ ដោយសាររាជរដ្ឋាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អញ្ជើញទៅទស្សនាកម្សាន្តខេត្តតំបន់ភូមិភាគឦសានឱ្យបានច្រើនកុះករ – ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជាពិសេស ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យអាជ្ញាធរ ក្រុង ស្រុក កងកម្លាំងទាំងអស់ ការពារសណ្តាប់ធ្នាប់ និងមានការបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់គោលដៅនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី និងត្រូវមានឡានពេទ្យសង្គ្រោះបឋមប្រចាំការនៅរមណីយដ្ឋានប៊ូស្រា៕
ដោយ៖ សូរិយា