ខេត្តប៉ៃលិន ៖ ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តប៉ៃលិនកើនជាងឆ្នាំមុន បើតាមការបញ្ជាក់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន តែក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្ត សរុប ចំនួន ៩៤,២០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៧,៩៧៩នាក់ រីឯចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន៧៥,២៧%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាល ខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោក លឹម វាសនា បានបន្តថា រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងខេត្តនិងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះស្ថានភាពទូទៅវិញឃើញថាមានសណ្តាប់ធ្នាប់ និង របៀបរៀបរយល្អមានការយាម ប្រចាំការពីកម្លាំងនគរបាលទេសចរណ៍អធិការដ្ឋានក្រុង/ស្រុកប៉ុស្តិ៍នគរបាលឃុំ/ សង្កាត់ នគរបាលការពារ ព្រំដែននិងប្រជាការពារភូមិចំណែកក្នុង មូលដ្ឋាន អាជីវករមានការយកចិត្តទុកដាក់ខ្ពស់ទាំងតម្លៃ និងសេវាជាពិសេសការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍៕
ដោយ ៖ សិលា