ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សម័យប្រឡង៖ ០៨ តុលា ២០២៤ រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ ខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានា រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣២ មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ) ដូចខាងក្រោម៖
១-ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ២-ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ – ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពនានា ៣- ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន ៤- សម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តី អនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សំរិត