ប្រទេសជប៉ុន ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកទី១៩ សម្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងតំបន់អាស៊ី ស្តីពី “ការមិនរីកសាយភាយអាវុធមហាប្រល័យ” (The 19th Asia Senior-Level Talks on Non-Proliferation – ASTOP) កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោក FUKAZAWA Yoichi ជាអនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសជប៉ុន ដែលមានសមាសភាពចូលរួមសរុបចំនួន៥០រូប មកពី២២ប្រទេស ក្រោមការរៀបចំ និងសម្របសម្រួលដោយ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន។
កិច្ចប្រជុំខាងលើមានគោលបំណងក្នុងការចែករំលែកពីការព្រួយបារម្ភអំពីបញ្ហាការរីកសាយភាយអាវុធមហាប្រល័យ (Weapon of Mass Destruction – WMD)ក្នុងតំបន់ ចែករំលែកការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីវិធានការកាត់បន្ថយការរីកសាយភាយ និងបង្កើនសមត្ថភាពរបស់អ្នកតំណាងបណ្តាប្រទេសដែលចូលរួម តាមរយៈកិច្ចពិភាក្សា និងបញ្ហាប្រឈមនាពេលអនាគត។ តាមរយៈកិច្ចប្រជុំចំនួន០២ថ្ងៃនេះមានកិច្ចពិភាក្សាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.កិច្ចពិភាក្សាអំពីទិដ្ឋភាពទូទៅ (Overview)
២.កិច្ចពិភាក្សាអំពីការគ្រប់គ្រងការនាំចេញ(Export Control) ដែលពាក់ព័ន្ធនឹងសម្ភារៈអាវុធមហាប្រល័យ
៣.កិច្ចពិភាក្សាសិក្ខាសាលា នៃក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយភាយ
មីស៊ីលបាលីស្ទិក (the Hague Code of Conduct Against Ballistic Missile Proliferation-HCoC)
៤.គំនិតផ្តួចផ្តើមសុវត្ថិភាពនៃការរីកសាយ (Proliferation Security Initiative-PSI)
៥.សកលភាវូបនីយកម្មនៃពិធីសារបន្ថែមរបស់ IAEA នៅអាស៊ី
(Universalization of IAEA Additional Protocol in Asia)
៦.ការអភិវឌ្ឍថ្មីៗនៃសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ និងសារៈសំខាន់នៃសកលភាវូបនីយកម្ម (Recent Developments in the Arms Trade Treaty and the Importance of Universalization)
កិច្ចប្រជុំខាងលើបានបញ្ចប់ទៅដោយរលូន និងជោគជ័យតាមកម្មវិធីដែលបានកំណត់ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ដោយ ៖ សិលា