ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ត្រូវបានបាត់ខ្លួន និង ២នាក់ទៀតសង្រ្គោះបាន ក្នុងករណីលិចទូកនៅកណ្តាលទន្លេ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រីចំនួន២នាក់ត្រូវបានបាត់ខ្លួន និង ២នាក់ទៀតត្រូវបានជួយសង្រ្គោះរួចផុតពីគ្រោះថ្នាក់ នៃឧបត្តិហេតុលិចទូកនៅកណ្តាលទន្លេ ស្ថិតនៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វេលា ម៉ោង១៨ និង២០ នាទីនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤  ភ្លាមៗនៃឧបត្តិហេតុ អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធិ និង លោកឧត្តមសេនីយ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះរុករក ជនរងគ្រោះដែលបានបាត់ខ្លួនផងដែរ ។ 

  យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧបត្តិហេតុនេះ ទី១ឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ ឆ្នាំជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ទី២.ឈ្មោះ អាំ ទល់ល័ស ភេទប្រុស ០៥ ឆ្នាំជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ សំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច,   ទី៣.ឈ្មោះ ម៉ូសា ហៃយ៉ាទី ភេទស្រីអាយុ១៣ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម(បាត់ខ្លួន) រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច,   និងទី៤.ឈ្មោះ សុខគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម (បាត់ខ្លួន)រស់នៅគីឡូម៉ែត្រលេខ០៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

  នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានជិះទូកឈើមួយគ្រឿង ចេញពីផ្ទះម្តាយ ទៅ ផ្ទះរបស់ខ្លួន ក្នុងពេលដែលកំពុងបើកទូកឆ្លងកណ្តាលទន្លេ ស្រាប់តែឈ្មោះ អាំ ទល់ល័ស បានជ្រុះស្បែកជើងចូលទឹកអ្នកបើកទូកក៏បានបត់ត្រឡប់ក្រោយ បម្រុងនិងរើសស្បែកជើងវិញ ស្របពេលនោះក៏មានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង បានធ្វើឱ្យទូកលិច បណ្ដាលឱ្យបាត់មនុស្សចំនួន០២នាក់ភ្លាមៗតែម្តង ។

  ក្រោយពេលកើតហេតុភ្លាមៗអាជ្ញាធរខេត្ត ដឹកនាំដោយលោក ស៊ុន សុវណ្ណារិទ្ធិ បានចុះទៅទីតាំងកើតហេតុ ដឹកនាំកម្លាំចុះរុករក ជនរងគ្រោះដែលបានបាត់ខ្លួន ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលានេះ នៅពុំទាន់អាចរកឃើញ ជនរងគ្រោះដែលបានបាត់ខ្លួននោះទេ ដែលពេលនេះ សមត្ថកិច្ច អាជ្ញាធរ និង ក្រុមគ្រួសារកំពុងដាក់កម្លាំងបន្តរុករកបន្តទៀត ៕

ដោយ ៖ ចន្ថា


ចែករំលែក៖