ទីក្រុងបាងកក ៖ តម្រួតថៃទើបរឹបអូសរថយន្តក្រុងដឹកអ្នកដំណើរ ៦ គ្រឿងពីក្រុមហ៊ុន Shinbutr Tour ដែលជាម្ចាស់ក្រុមហ៊ុនឡានដែលបានឆេះថ្មីៗនេះនៅក្នុងក្រុងបាងកកបណ្តាលអោយស្លាប់សិស្សសាលា២៣នាក់និងគ្រូបង្រៀន៣ នាក់ ។ ហេតុការណ៍នេះត្រូវកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ៥ ខែតុលា ឆ្នាំ២០២៤នេះ។
ប្រភពដដែលបន្តថា ៖ តាមការសន្និដ្ឋានដំបូងរបស់អ្នកឯកទេស គឺមិនមែនការបែកកង់ដូចការអះអាងរបស់អ្នកបើកបរដែលជាប្រភពគ្រោះថ្នាក់ឡើយ តែគឺជាការធ្លាយហ្កាស ( រថយន្តដើរដោយហ្កាស ) ។ នៅពេលដែលអាជ្ញាធរបញ្ជាអោយយករថយន្តទាំងអស់របស់ក្រុមហ៊ុនមកត្រួតពិនិត្យ ក្រុមហ៊ុនបានប្រញាប់ប្រញាល់បញ្ជូនរថយន្តដឹកអ្នកដំណើររបស់ខ្លួនទៅរោងជាងដើម្បីតម្រឹមតម្រង់ តែតម្រួតបានចុះទៅទាន់ដល់កន្លែង ។
បន្ទាប់ពីការត្រួតពិនិត្យគេបានឃើញថា រថយន្តទាំង ៦គ្រឿងដែលគេរឹបអូសនេះសុទ្ធតែបានកែច្នៃដោយលួចលាក់ដាក់ថែមធុងហ្កាសដល់ទៅ ១២ ដែលតាមច្បាប់អនុញ្ញាតអោយតែ ៦ ប៉ុណ្ណោះ ៕
ដោយ ៖ សិលា