ព័ត៌មានទាន់ហេតុការណ៍៖

តើជំងឺបូសអន្ទង់នៅតំបន់រន្ធទ្វារបាត អាចព្យាបាលជាដាច់ដែរ រឺទេ?

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សជាច្រើនតែងតែគិតថា ជំងឺបូសនៅបរិវេណរន្ធបាត និងបូសអន្ទង់ ជាជំងឺមួយដែលព្យាបាលហើយភាគច្រើនតែងតែលាប់មកវិញ រឺព្យាបាលមិនជា ប៉ុន្តែការគិតនេះមិនត្រឹមត្រូវនោះទេ។

១- បូសអន្ទង់ជាអ្វី ?

វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានភាគច្រើនចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។ 

២- រោគសញ្ញាបូសអន្ទង់៖

   – មានដុំពកហើម និងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ

   – ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ

   – មានហូរខ្ទុះនៅបាត រឺមានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត

   – រមាស់នៅបាត 

៣- មូលហេតុ៖

ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។

៤- វិធីព្យាបាល៖

ការព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់ រីឯការព្យាបាលដោយប្រើថ្នាំផ្សះ (Antibiotiques) តែមួយមុខគត់ គឺមិនមានប្រសិទ្ធភាពអោយជំងឺនេះជាសះស្បើយនោះទេ។ ការវះបូសអន្ទង់មានពីរប្រភេទ គឺការវះបង្ហូរខ្ទុះបន្ថយការឈឺចាប់បណ្តោះអាសន្ន និងការវះឲ្យជាសះស្បើយ។ 

– ការវះបង្ហូរខ្ទុះបន្ថយការឈឺចាប់៖ 

ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើម និងឈឺ។ យើងគ្រាន់តែចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅ និងចោះបង្ហូរខ្ទុះចេញ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រាន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុណ្ណោះ។ បូសនេះនឹងលាប់មកវិញ ប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ។

– ការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់ (Fistulotomie)៖ 

នេះជាវិធីតែមួយគត់ព្យាបាលឲ្យជាសះស្បើយ និងមិនលាប់ឡើងវិញ។ ការវះនេះខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។ វិធីវះកាត់ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់។ បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីរពេទ្យតែ១ថ្ងៃប៉ុណ្ណោះ រួចត្រឡប់ទៅផ្ទះវិញ និងធ្វើការងារផ្សេងៗបានជាធម្មតា។

៥- ផលវិបាកនៃបូសអន្ទង់៖

– គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖ 

ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Cellulite ou Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លាប់បាន។ 

ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺប្តូរប្រឹសបេះដូង និងអ្នកប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS មិនបានត្រឹមត្រូវ។

៦- អនុសាសន៍៖

មានតែការវះកាត់តែមួយមុខគត់ ដែលអាចព្យាបាលបូសអន្ទង់អោយមានប្រសិទ្ធភាព និងជាសះស្បើយ។ 

“ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖