ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនរងគ្រោះ២នាក់ដែលបាត់ខ្លួនក្នុងករណីលិចទូកនៅស្រុកកំពង់ត្រឡាច សមត្ថកិច្ចរកឃើញសាកសពហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ដែលបានបាត់ខ្លួនក្នុងករណីលិចទូក នាពេលនេះត្រូវបានសមត្ថកិច្ច រកឃើញសាកសពហើយកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

  យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ២នាក់ ដែលបានបាត់ខ្លួននៅក្នុងករណីលិចទូក១. ឈ្មោះ ម៉ូសា ហៃយ៉ាទី ភេទស្រីអាយុ១៣ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច,   និង២.ឈ្មោះ សុខគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅគីឡូម៉ែត្រលេខ០៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  សាកសពក្មេងប្រុសស្រីទាំងពីរនាក់ បានរសាត់ចេញពីកន្លែងកើតហេតុ ចម្ងាយប្រមាណជាង៥០ម៉ែត្រ ។

  គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១៨ និង២០ នាទី ថ្ងៃទី០៤ ខែតុលា  ឆ្នាំ ២០២៤ជនរងគ្រោះទាំង៤នាក់បានជិះទូកឈើមួយគ្រឿង ចេញពីផ្ទះម្តាយ ទៅ ផ្ទះរបស់ខ្លួន ក្នុងពេលដែលកំពុងបើកទូកនេះឆ្លងកណ្តាលទន្លេ ស្រាប់តែឈ្មោះ អាំ ទល់ល័ស បានជ្រុះស្បែកជើងចូលទឹកអ្នកបើកទូកក៏បានបត់ត្រឡប់ក្រោយ បម្រុងនិងរើសស្បែកជើងវិញ ស្របពេលនោះក៏មានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង បានធ្វើឱ្យទូកលិច បណ្ដាលឱ្យបាត់មនុស្សចំនួន០២នាក់ភ្លាមៗតែម្តង និង រកឃើញសាកសពហើយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖