ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ បានចុះស្រាវជ្រាវ រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ០៤នាក់ភ្លាមៗ ខណៈពួកគេចេញពីវត្ដ ក៏កេីតជាជម្លោះបេីកឆាកប្រយុទ្ធគ្នានៅតាមផ្លូវសាធារណៈ ។
ប្រភពដដែលបន្តថា ជនបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយប្រើដាវ និងដែកបំពង់ទីប នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម តិតុ ថតរូបបង្ហោះជាសាធារណៈ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ក្រុមក្មេងទំនើង ០១ក្រុម មានបក្ខពួកជាច្រេីននាក់បានធ្វេីសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្ដិម៉ូតូ ជនរងគ្រោះដែលធ្វើដំណើរចេញមកពីវត្ដ ជាក់ស្ដែងក្រោយបេីកឆាកប្រយុទ្ធប្រមាណ ៤៥នាទី ត្រូវបានកំលាំងនគរបាលធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានចំនួន ០៤នាក់ ៖ (១)ឈ្មោះ ឆន សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ (២)ឈ្មោះ លីម សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច (៣)ឈ្មោះ វ៉ាត ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ (៤)ឈ្មោះ ខួន សារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិក្រាំងប្រស្រុក ស្រុកភ្នំស្រួច រីឯបក្ខពួកផ្សេងទៀតគេចខ្លួន ។
ក្រុមក្មេងទំនើងបានធ្វេីសកម្មភាពកាប់ម៉ូតូវាយបំបែកបណ្តាលឲ្យខូចខាតក្បាំងម៉ូតូផ្នែកខាងមុខ កុងទ័រម៉ូតូចង្កៀងមុខ កាប់ដាច់កន្ទុយម៉ូតូផ្នែកខាងក្រោយជាប់ស្លាកលេខ ព្រមទាំងបំបែកស្តុបក្រោយ ។ ល។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាទាំង៤នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ តារា