អន្តរជាតិ ៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈិមបូព៌ាបានឡើងកម្តៅជាបន្តបន្ទាប់ដែលបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងនូវ”ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតសម្រាប់ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ។ ប្រការនេះក៏បានឆ្លុះបញ្ចាំងពីគោលជំហរជាប់រហូតមករបស់ចិនក្នុងការដោះស្រាយការប៉ះទង្គិចនិងបញ្ហាចំណុចក្តៅអន្តរជាតិ ពោលគឺ ជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធីនិងជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយ ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ អនុវត្តតាមគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ជានិច្ចកាល ចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលបានដើរតាមផ្លូវទំនើបកម្មនៃការអភិវឌ្ឍដោយសន្តិភាព ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ឱនភាពអភិវឌ្ឍន៍សកលបាននិងកំពុងកើនឡើង ហើយសណ្តាប់ធ្នាប់អន្តរជាតិបាននិងកំពុងរងការវាយប្រហារ ។ ប្រឈមមុខនឹងសំណួរក្នុងយុគសម័យដែលថា “តើយើងនឹងកសាងពិភពលោកយ៉ាងណាមួយនិងកសាងពិភពលោកនេះតាមរបៀបណា ?” ប្រទេសចិនបានផ្តល់ចម្លើយជាស្រេច គឺ កសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ។ ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិនមិនដែលបំផុសដោយម្ចាស់ការនូវសង្គ្រាមនិងការប៉ះទង្គិចណាមួយនោះទេ ហើយក៏មិនដែលឈ្លានពានប្រទេសដទៃទៀតសូម្បីតែទឹកដីមួយអ៊ីញក៏គ្មានដែរ ។ គោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានដែលបានលើកឡើងក្នុងទសវត្សរ៍ឆ្នាំ ៥០ នៃសតវត្សរ៍មុនបានក្លាយជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិនិងគោលការណ៍នៃច្បាប់អន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិសំខាន់ៗផងដែរ ។
កាលពីឆ្នាំ ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានផ្តល់នូវការណែនាំជាមូលដ្ឋានសម្រាប់ដោះស្រាយឱនភាពសន្តិសុខនិងស្វែងរកសន្តិភាពយូរអង្វែង ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្របនឹងពេលដែលចិនទទួលបានការអភិវឌ្ឍ កម្លាំងសន្តិភាពក៏កាន់តែខ្លាំងក្លាឡើងផងដែរ ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃថា ការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនគឺជាបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល ។
សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ។ បើមើលពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាចំណុចក្តៅភាគច្រើនដាច់ខាតបានកើតឡើងនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ។ មានតែជំរុញការអភិវឌ្ឍរួមប៉ុណ្ណោះ ទើបអាចលុបបំបាត់ប្រភពដើមនៃការប៉ះទង្គិចបាន ។ ក្នុងវិស័យនេះ ចិនក៏បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដែលតែងតែធ្វើជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។
ក្នុងចំណោមនោះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិនបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ពិភពលោក ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយប្រទេសចិនបានធ្វើឱ្យកម្លាំងរបស់ពិភពលោកទាំងមូលក្នុងការរួមគ្នាស្វែងរកការអភិវឌ្ឍមានភាពខ្លាំងក្លាឡើងជាបន្តបន្ទាប់ ។
ការគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍត្រូវការរបៀបរៀបរយអន្តរជាតិដែលមានភាពយុត្តិធម៌និងសមហេតុសមផល ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក ប្រជាជនបានមើលឃើញថា ក្នុងកាលៈទេសៈពហុភាគី ប្រទេសចិនប្រកាន់ខ្ជាប់នូវការបញ្ចេញមតិដ៏ត្រឹមត្រូវនិងជួយពុះពារឧបសគ្គនិងដោះស្រាយការលំបាក់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលតែងតែធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ប្រជាជនចិនកាន់តែយល់ឃើញយ៉ាងជ្រាលជ្រៅថា មនុស្សជាតិគឺជាសហគមន៍រួមវាសនាដែលពឹងផ្អែកលើគ្នាទៅវិញទៅមក ។ សម្លឹងមើលទៅអនាគត ការប្តេជ្ញាចិត្តរបស់ចិនក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានានឹងមិនកែប្រែទេ ហើយការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការអភិវឌ្ឍរួមរបស់ពិភពលោកក៏នឹងមិនកែប្រែដែរ ៕
ដោយ ៖ សិលា