ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូក្រសួង​ធនធាន​ទឹក​ ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក​ គឺដើម្បីពិនិត្យស្វែងយល់លើរោងចក្រផលិតស្ថានីយបូមទឹកដ៏ទំនើបរបស់ប្រទេសក្នុងសហភាពអឺរុប

ចែករំលែក៖

ប្រទេស​ដាណឺម៉ាក​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងឱកាសបំពេញបេសកកម្មការងារនៅសហភាពអឺរ៉ុប លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញនេះ​ បានបន្តដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក។

នាឱកាស​នោះ​ លោករដ្ឋលេខាធិការ​ បានឱ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក គឺដើម្បីពិនិត្យស្វែងយល់លើរោងចក្រផលិតស្ថានីយបូមទឹកដ៏ទំនើបរបស់ប្រទេសក្នុងសហភាពអឺរុបមួយនេះ ហើយដែលកំពុងប្រើប្រាស់នៅតាមប្រទេសនានាលើពិលោក ជាពិសេសបណ្តាប្រទេសដែលស្ថិតក្នុងសហគមន៍អឺរ៉ុប អាហ្វ្រិក និងអាស៊ី។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ​ បានគូសបញ្ជាក់ឱ្យដឹងថា ស្ថានីយបូមទឹកខាងលើបានប្រើប្រាស់នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ហើយនឹងបន្តធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ក្នុងក្រុងដូនកែវ ស្ថានីយបូមទឹកសាមពុធ ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

លោករដ្ឋលេខាធិការ​ បានបញ្ជាក់បន្ថែមថា ស្ថានីយនេះនឹងប្រើប្រាស់ក្នុងការអនុវត្តកសាងស្ថានីយបូមទឹកក្នុងនិយាមខាងលើដដែលនៅក្នុងយុទ្ធសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីគ្រប់ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះធម្មជាតិដែលកើតឡើងដោយសារជំនន់គ្រប់ប្រភេទ និងធ្វើការដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដែលតែងតែយាយីនៅរដូវប្រាំង៕

ដោយ​៖ តារា​


ចែករំលែក៖