ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម៩នាក់ និងថ្នាំញៀនជាង២គីឡូក្រាម ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTVBWOW

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បញ្ជូន ជនជាតិវៀតណាម៩នាក់ និងថ្នាំញៀនជាង២គីឡូក្រាមទៅកាន់សាលាដំបូងខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTVBWOW ក្រុងបាវិត។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី រូបលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTVBWOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបន្ដថា ប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យជនជាតិវៀតណាម ចំនួន០៩នាក់ ដកហូត និងចាប់យកសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១១០៧.១៦ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១២៥២.១២ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥.១៣ក្រាម សរុបសារធាតុញៀនទម្ងន់២៣៦៤.៤១ក្រាម (២គីឡូ៣៦៤.៤១ក្រាម), ទូរសព្ទ័ដៃ០៩គ្រឿង, ម៉ូតូ០៣គ្រឿង, លិខិតឆ្លងដែន០៦ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០៥សន្លឹក ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖