ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ប្រមាណជាង៧ម៉ឺននាក់ រយៈពេល៦ថ្ងៃ បានមកទទួលសេវារថយន្ដក្រុង ទាំងទៅទាំងមក ថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជក ប្រមាណ ជាង៧ម៉ឺននាក់ ទទួល បានសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពួកគាត់ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជា ពិសេស ទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញក្នុងរយៈ ពេល ០៦ថ្ងៃកន្លងមកនេះ។ នេះតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។ លោកស្រីបានឱ្យដឹងទៀតថា ៖ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា  ឆ្នាំ២០២៤ បងប្អូនកម្មករ កម្មការនី   និយោជិកនិងប្រជាពលរដ្ឋ សរុបចំនួន៧១.៣៦០នាក់ បានទទួលសេវាដឹក ជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងវិលត្រឡប់ មកវិញប្រកបដោយ ផាសុកភាព សុវត្ថិភាពនិង រីករាយ ។ 

  លោកស្រីអ្នកនាំពាក្យបន្តថា៖ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បងប្អូន កម្មករ កម្មការិនីនិយោជិត និងប្រជាពលរដ្ឋ សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលបាន ផ្តល់សេវាដឹកជញ្ជូនដោយ មិនគិតថ្លៃជួយសម្រា លបន្ទុក ចំណាយលើការធ្វើដំណើរបានយ៉ាងច្រើនដល់ពួកគាត ។

     សូមបញ្ជាក់ដែរនៅព្រឹកថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាបានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរបងប្អូនកម្មករ កម្មការិនី  និយោជិត និងប្រជាពលរដ្ឋឡើងរថយន្ត ក្រុងសាធារណៈ ចេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ផងដែរ ។  កាលពីព្រលឹមថ្ងៃ២៩ កញ្ញា នោះ ដែរឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុងគ្រុបកាលពីព្រឹកថ្ងៃទី២៩កញ្ញាឆ្នាំ២០២៤កន្លងមកនេះបានចុះទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវផងដែរ។  

    ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ថា៖ រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពល រដ្ឋ មកទទួលសេវាជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ពីរដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើងប្រមាណ១០ទៅ១៥ ភាគរយជារៀងរាល់ឆ្នាំ។

    សូមបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅ លេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់រយៈពេល០៦ថ្ងៃ ចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤វិញ ជិះមិនបង់ប្រាក់ដោយប្រើប្រាស់រថយន្តក្រុងចំនួន៦៥៣គ្រឿង ៕

ដោយ ៖ សំរិត


ចែករំលែក៖