ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទ​ សាទរ និងផ្ដិតមេដៃប្ដឹងបន្ថែម ខណៈសមត្ថកិច្ចអនុវត្តដីកា ចាប់​ឃាត់ខ្លួនមេចោរជនជាតិវៀតណាមម្នាក់នៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទ(លួច)ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចសហការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយឃាត់ខ្លួនបានកាលពីល្ងាចម្សិលម៉ិញ ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  ការអនុវត្តជននេះប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបសាទរខ្លាំងណាស់ ព្រោះចោរវៀតណាមរូបនេះល្បីល្បាញ និងសាហាវ ប្រជានេសាទត្រូវបង់លុយឲ្យចោរជនជាតិវៀតណាមរូបនេះ១ឆ្នាំពីរដងទើបនេសាទបាន ។

ប្រភពរាយការណ៍បានឲ្យដឹងថា ចោរជនជាតិវៀតណាមរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨១ ចខ/២៤ ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក គង់ រ៉ាវន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។ 

 យោងដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ជនត្រូវចោទឈ្មោះ ហួន ហ៊ាង ភេទប្រុស កើតថ្ងៃទី១៣  ខែធ្នូ ឆ្នាំ១៩៩២ ជនជាតិវៀតណាម សញ្ជាតិវៀតណាម កើតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ ទីលំនៅ បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំកើតហេតុ ។ ប្រពន្ធឈ្មោះ ង្វៀង ធីគីវ ឪពុកឈ្មោះ ហួន ធី ម្ដាយឈ្មោះ ង្វៀង ធីអេម ។

 ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនដដែលនោះ ត្រូវចោទប្រកាន់ពីបទៈ លួច(បាឡាស្មាច់)ប្រព្រឹត្តនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញាតិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ – ជនត្រូវចោទឈ្មោះ ហួន ហ៊ាង បានគេចបាត់ពីមូលដ្ឋាន ។ – ដើម្បីធានាស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ហួន ហ៊ាង ភេទប្រុស មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរយកចម្លើយពាក់ព័ន្ធក្នុងរឿងក្ដីនេះ ។

ប្រភពផ្សេងៗពីប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាប បានទូរស័ព្ទ និងតាមប្រព័ន្ធបច្ចេកវិទ្យា(តេឡេក្រាម)យ៉ាងច្រើន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នេះថា ពួកគាត់អាចនាំគ្នាធ្វើពាក្យបណ្ដឹងទៅ(អភិបាលខេត្តឬសាលាដំបូងខេត្ត)ព្រោះកន្លងទៅជននេះសាហាវលើសសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅទៀត គឺ ពួកវាមានកាណូតធំៗសម្រាប់ទៅលួចស្រាវ ដឹកយកសាច់មង សាច់អួន ទូក កាណូត(សម្ភារនេសាទ)គ្មានសល់ រួច​ជំរិត​ ទារលុយរាប់សិបលានរៀល ធ្វើឲ្យពួកគាត់បង្ខំចិត្តលួស បើមិនទៅលួសគឺ វាលួចរហូត ពិសេសជាងនេះទៅទៀតនោះ គឺ ត្រូវបង់លុយឲ្យក្នុង១រដូវឬ១ឆ្នាំច្រើនជាងសមត្ថកិច្ចឬស្ថាប័នជំនាញទៅទៀត ។

 ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា មេចោរធំជាងគេនៅបឹងទន្លេសាប(ហួន ហ៊ាង)ជាកូនរបស់ឈ្មោះ ហួន ធី នេះ មិនមែនមានតែមេចោរ(ហួន ហ៊ាង)នេះទេ គឺ មានបងប្រុសចំនួន២នាក់ គឺ ឈ្មោះ ហួន គឿង និងឈ្មោះ ហួន ទុង បញ្ជាក់ៈ មេចោរបឹងទន្លេសាប៣នាក់បងប្អូនយ៉ាងល្បីល្បាញយូរឆ្នាំឈ្មោះ(ហួន ហ៊ាង)ធ្វើសកម្មភាពនៅបឹងទន្លេសាប ទិសស្រុកក្រគរ ខេត្តពោធិ៍សាត់ ឬមួយផ្នែកនៅខេត្តកំពង់ឆ្នាំង ចំណែកបងប្រុសឈ្មោះ(ហួន ទុង) ធ្វើសកម្មភាពនៅបឹងទន្លេសាប ទិសស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតនៅខេត្តបាត់ដំបង និងបងប្រុសម្នាក់ទៀតឈ្មោះ(ហួន គឿង)ធ្វើសកម្មភាពនៅបឹងទន្លេសាបដូចគ្នា នៅទិសខេត្តកំពង់ធំ និងខេត្តសៀមរាប ក្រុមបងប្អូនមេចោរបឹងទន្លេសាបជនជាតិវៀតណាមចំនួន៣នាក់នេះ បើសិនជាសមត្ថកិច្ចបង្រ្កាបបានយ៉ាងច្រើន១ខែឬ២ខែចេញវិញហើយ ព្រោះមានឪពុកឈ្មោះ ហួន ធី ចាំដោះស្រាយ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖