សារព័ត៌មាន Reuters បានផ្សាយថា ប្រមុខការទូតអ៉ីរ៉ង់ នាថ្ងៃអង្គារ ទី៨ ខែតុលា បានព្រមានអ៉ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយឱ្យសោះលើខ្លួន ព្រោះថា ប្រសិនបើហ៊ានតែមាន ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ នោះទីក្រុងតេហេរ៉ង់មុខជានឹងធ្វើការសងសឹកយ៉ាងរឹងមាំ តបតទៅវិញមិនខាន។
រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយដូច្នេះថា «យើងសូមណែនាំឱ្យអ៉ីស្រាអែល កុំមកចង់សាកល្បងការសម្រេចចិត្តដ៏រឹងមាំរបស់អ៉ីរ៉ង់ឱ្យសោះ។ ប្រសិនបើ មានការវាយប្រហារណាមួយ ប្រឆាំងនឹងប្រទេសយើង កើតមានឡើងនោះ ពួកយើងនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត»។ លោក Araghchi បានបន្ថែមទៀតថា «ការវាយប្រហារណាមួយ មកលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៉ីរ៉ង់ នឹងត្រូវទទួលរងទៅវិញ នូវការសងសឹកកាន់តែធ្ងន់ជាងមុន។ សត្រូវយើងដឹងច្បាស់ណាស់ថា គោលដៅប្រភេទអ្វី នៅអ៉ីស្រាអែល ដែលយើងអាចសងសឹក ទៅដល់វិញបាន»។
កាលពីសប្តាហ៍មុន ចំពោះមុខការកើនឡើងនៃការវាយប្រហាររបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាហ៍នៅប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន អ៉ីរ៉ង់បានបាញ់ស្រោច មីស៉ីលរាប់រយគ្រាប់លើអ៉ីស្រាអែល ខណៈអ៉ីស្រាអែល បានប្តេជ្ញាសងសឹកវិញ។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា បើតាមការយល់ឃើញ របស់លោក អ៉ីស្រាអែលមិនទាន់សម្រេចចិត្តច្បាស់នៅឡើយទេ អំពីរបៀបឆ្លើយតបចំពោះការវាយប្រហារមីស៉ីល របស់អ៉ីរ៉ង់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)