ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្រឹងការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ ឆ្នាំ២០២៥ លើគម្រោងមូលនិធិ ឃុំ សង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ជ្រាបថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃ តែងតែទទួលបានពាក្យបណ្តឹង ឬពាក្យសុំ ជួយអន្តរាគមន៍ពីអ្នកទទួលការជាច្រើនពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានី ខេត្តមួយចំនួន។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យរបាយការណ៍ស្តីពីដំណើរការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានី ខេត្ត ឆ្នាំ២០២៤ និងសំណុំឯកសារពាក់ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃពិនិត្យឃើញថា រដ្ឋបាលរាជធានី ខេត្តមួយចំនួននៅមានភាពខ្វះចន្លោះ ក្នុងដំណើរការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ ដូចខាងក្រោម៖

– ការខ្វះចន្លោះនៅក្នុងការត្រួតពិនិត្យពាក្យសុំចុះឈ្មោះរបស់អ្នកទទួលការ ក្នុងបញ្ជីឈ្មោះអ្នកទទួលការ ប្រចាំឆ្នាំ (ទម្រង់ទី២៦) ព្រមទាំងឯកសារយោងភ្ជាប់

– ការវាយតម្លៃសមត្ថភាពអ្នកទទួលការរបស់រដ្ឋបាលខេត្តខ្លះ ពុំទាន់មានតម្លាភាព និងយុត្តិធម៌នៅឡើយ

– រដ្ឋបាលរាជធានី ខេត្តភាគច្រើន ពុំទាន់បំពេញព័ត៌មានក្នុងបញ្ជីឈ្មោះអ្នកទទួលការ(ទម្រង់ទី៣៤) ឱ្យបានពេញលេញ ឬលុបចោលកូឡោនខ្លះនៅក្នុងទម្រង់ទី៣៤ទៀតផង

– រដ្ឋបាលរាជធានី ខេត្តភាគច្រើន តែងតែដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ (ទម្រង់ទី៣៤) យឺតយ៉ាវជាងការកំណត់នៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់រហូតដល់១ខែ ទៅ៣ខែក៏មាន។

ក្នុងន័យនេះ ដើម្បីពង្រឹងការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានី ខេត្ត ឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព និងយុត្តិធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបាន អគ្គនាយកដ្ឋានរដ្ឋបាល សូម លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

– រដ្ឋបាលរាជធានី ខេត្តត្រូវពង្រឹងការត្រួតពិនិត្យពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ ព្រមទាំង ឯកសារយោងពាក់ព័ន្ធដែលត្រូវភ្ជាប់មកជាមួយឱ្យបានហ្មត់ចត់ និងល្អិតល្អន់ ស្របតាមចំណុច ៣.២.៦-ខ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

– ត្រូវត្រួតពិនិត្យលទ្ធផលការងារនៅទីតាំងគម្រោង ដែលអ្នកទទួលការបានធ្វើយ៉ាងតិច២កិច្ចសន្យាក្នុង មួយប្រភេទអ្នកទទួលការ ត្រួតពិនិត្យគ្រឿងចក្រសម្ភារបរិក្ខារ និងត្រួតពិនិត្យបុគ្គលិកបច្ចេកទេស របស់អ្នកទទួលការឱ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យ ព្រមទាំងវាយតម្លៃសមត្ថភាព អ្នកទទួលការប្រកបដោយតម្លាភាព សុចរិតភាព និងយុត្តិធម៌បំផុត

– ត្រូវបំពេញព័ត៌មាននៅក្នុងបញ្ជីឈ្មោះអ្នកទទួលការ(ទម្រង់ទី៣៤) ឱ្យបានពេញលេញ ជាពិសេស ព័ត៌មានត្រង់កូឡោន លេខទូរសព្ទរបស់អ្នកទទួលការ

– ត្រូវពន្លឿនការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៥ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានមុន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។

អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាប និង ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖