ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបានប្រកាសកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកទាំងស្រុងទៅកាន់កូរ៉េខាងត្បូង

ចែករំលែក៖

កូរ៉េខាងជើងនឹងកាត់ផ្តាច់ទាំងស្រុងនូវការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកជាមួយកូរ៉េខាងត្បូង ដោយចាប់ផ្តើមពីថ្ងៃទី 9 ខែតុលា និងពង្រឹងតំបន់នៅតាមព្រំដែន។សេចក្តីប្រកាសពីប្រទេសកូរ៉េខាងជើង ក្នុងការកាត់ផ្តាច់ទាំងស្រុងផ្លូវថ្នល់ និងផ្លូវដែកទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាសញ្ញានៃការកើនឡើងនៃសកម្មភាពនៅជិតបន្ទាត់កំណត់ព្រំដែនរវាងតំបន់ទាំងពីរ។ កាលពីខែកក្កដា យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានដំឡើងមីន និងរបាំងការពារ នៅតាមព្រំដែនយោធាតឹងតែងក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។
អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបាននិយាយថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមដែលតែងតែធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងនាពេលថ្មីៗនេះ។ កូរ៉េខាងត្បូង និងកូរ៉េខាងជើងចោទប្រកាន់គ្នាទៅវិញទៅមកពីសកម្មភាពបង្កហេតុ។
កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធជាប្រចាំដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធរបស់កូរ៉េខាងជើង។ ទន្ទឹមនឹងនេះ កូរ៉េខាងជើងបានរិះគន់សមយុទ្ធទាំងនេះថាជាទង្វើអរិភាពដែលគំរាមកំហែងដល់សន្តិសុខប្រទេស។
កាលពីថ្ងៃទី១៨ ខែកញ្ញា កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសអំពីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានប្តេជ្ញាថានឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ប្រភពយោធាកូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលនេះត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនប៉េងប៉ោងរាប់ពាន់ដែលមានធុងសំរាមទៅកាន់កូរ៉េខាងត្បូងចាប់តាំងពីខែឧសភា ដើម្បីតវ៉ាប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដែលត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែនដោយសកម្មជនរបស់ខ្លួន៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖