ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ ឬលឺពីពាក្យ AI (Artificial Intelligence) ឬ បញ្ញាសិប្បនិម្មិតហើយ ដែលវាគឺជាបច្ចេកវិទ្យាកំពុងមានភាពលេចធ្លោ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពបច្ចេកវិទ្យា ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់វា ហើយពេលនេះ វាបាននឹងកំពុងក្លាយជាប្រធានបទដ៏សំខាន់ក្នុងដំណើរវិវឌ្ឍនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់មនុស្សជាតិ។
ក្រៅពី AI ថ្ងៃនេះក្រុមការងារនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមលើកយកប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាមួយ ដែលជាមែកធាងនៃការវិវឌ្ឍរបស់ AI និងបច្ចេកវិទ្យាកុំព្យូទ័រ ឬប្រព័ន្ធគណនា មកធ្វើការចែករំលែក។ នេះគឺMachine Learning។
Machine Learning គឺជាដំណើរការនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងកុំព្យូទ័រ ដែលផ្តោតលើការប្រើប្រាស់ និងវិភាគទិន្នន័យ ឬក្បួនដោះស្រាយនានា ដើម្បីអាចឱ្យ AI អាចរៀនសូត្រនូវវិធីសាស្រ្ត ដែលមនុស្សប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ ដែលបន្តិចម្តងៗ សមត្ថភាពរបស់វាបានរីកចម្រើនកាន់តែប្រសើរឡើង ដែលអាចជំនួស ឬសម្រួលដល់ការងារមនុស្សបាន។
Machine Learning ធ្វើការវិភាគ និងបំបែកទិន្នន័យ ព័ត៌មាន ឬមេរៀនដែលទទួលបានពីការរៀនសូត្រឱ្យទៅជាទិន្នន័យ ដែលផ្តល់ផលប្រយោជន៍ជាចំណេះដឹង ឬព័ត៌មានផ្សេងទៀតដែលមានប្រយោជន៍។
នៅជុំវិញខ្លួនយើងក្នុងពេលសព្វថ្ងៃនេះ យើងអាចសង្កេតឃើញពីវត្តមាននៃបច្ចេកវិទ្យាថ្មីៗជាច្រើនដែលបានលេចឡើងជាបន្តបន្ទាប់ដោយសារលទ្ធផលនៃ Machine Learning។ ក្នុងនោះមានដូចជា៖
(១). មុខងារសម្គាល់មុខ (Facial Recognition) ឬក្រយៅដៃ (Finger Print) ដែលវាគឺជាបច្ចេកវិទ្យាកើតចេញពីលទ្ធផលនៃMachine Learning ដែលធ្វើការសិក្សា និងវិភាគទម្រង់មុខ ឬក្រយៅដៃរបស់មនុស្សដើម្បីសម្គាល់អត្តសញ្ញាណ។ បច្ចេកវិទ្យានេះ ភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងប្រព័ន្ធសុវត្ថិភាព។
(២). ប្រព័ន្ធគណនា៖ បច្ចេកវិទ្យានេះមានសមត្ថភាពធ្វើការគណនា ឬវិភាគទិន្នន័យណាមួយប្រកបដោយភាពត្រឹមត្រូវ ដូចជាលំហាត់គណិតវិទ្យាដ៏ស្មុគស្មាញជាដើម។
(៣). ការវិភាគជំងឺដោយផ្អែកតាមលទ្ធផលនៃការពិនិត្យ ព្រមទាំងឧទារណ៍ជាច្រើនទៀតនៅក្នុងវិស័យរាប់ចាប់តាំងពីកសិកម្មអាជីវកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ថាមពល រហូតដល់ដល់វិស័យសំខាន់ៗដូចជា សន្តិសុខ ហិរញ្ញវត្ថុ និងការពារជាតិផងដែរ។
ទោះបីជា Machine Learning បានផ្តល់ផលប្រយោជន៍ និងជួយជំរុញការវិវឌ្ឍទៅមុខនៃបច្ចេកវិទ្យា និងការរស់នៅរស់មនុស្សយ៉ាងណាក្តី វាក៏មានហានិភ័យមួយចំនួនដែលមនុស្សគួរតែមានការប្រុងប្រយ័ត្នផងដែរ។
តួយ៉ាង ជាមួយការពឹងផ្អែកលើបច្ចេកវិទ្យានេះ វាអាចនឹងធ្វើឱ្យមនុស្សបាត់បង់ភាពច្នៃប្រឌិតដែលកើតចេញពីការគិត និងវិភាគជាក់ស្តែងដោយមនុស្សផ្ទាល់ដែលពេលខ្លះត្រូវបានគេចាត់ទុកថាជាតម្លៃស្នូលរបស់មនុស្ស។ ក្រៅពីបាត់បង់ភាពច្នៃប្រឌិតបច្ចេកវិទ្យានេះ ក៏អាចនឹងផ្តល់លទ្ធផលដែលមិនមានគុណភាពដូចអ្វីដែលមនុស្សបង្កើតឡើងផងដែរ។
លើសពីនេះ បច្ចេកវិទ្យានេះ ក៏អាចត្រូវបានប្រើប្រាស់ដោយជនទុច្ចរិតដើម្បីបង្កចលាចល និងការខូចខាតក្នុងសង្គមផងដែរ។ជាក់ស្តែងដូចជាការកែប្រែរូបនរណាម្នាក់តាមរយៈការវិភាគទម្រង់មុខដូចឧទាករណ៍ដែលបានលើកឡើងខាង ដើម្បីបង្កជាការភ័ន្តច្រឡំផ្សេងៗ។
ជាងនេះទៅទៀត ការប្រើប្រាស់ Machine Learning ក៏អាចធ្វើឲ្យមនុស្សបាត់បង់យុទ្ធសាស្រ្ត ឬឱកាសក្នុងការទទួលបានបទពិសោធន៍ថ្មីៗផងដែរ។
មិនតែប៉ុណ្ណោះ វាក៏អាចបង្កឲ្យមានហានិភ័យផ្នែកសន្តិសុខ ឯកជនភាព និងការសម្ងាត់ថែមទៀត។
ដូចនេះ មុននឹងសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យានេះ ឬបច្ចេកវិទ្យាណាមួយ សូមចងចាំថា ត្រូវប្រើប្រាស់វាប្រកបដោយទំនួលខុសត្រូវ មានការគិត និងវាយតម្លៃលើផលប៉ះពាល់ផ្នែកសីលធម៌ គុណធម៌ និងប្រសិទ្ធភាព។ នេះគឺជាការចូលរួមបង្កើតសង្គមមួយដែលមានសេចក្តីសុខ សុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ តារា