ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាភ្ញាក់ពីដំណេកទាំងមមើមមាយ ខណៈដែលអគ្គិភ័យបានឆាបឆេះអតីតក្លឹបកំសាន្តយីហោ អវតារ ដែលម្ចាស់ទីតាំងបានបិទទុកចោលជាយូរមកហើយ ប៉ុន្តែសំណាងល្អប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ ដោយបាញ់អស់ទឹកមួយឡាន ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៥៤កែង៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានថា ករណីភ័យកំពុងតែឆាប់ឆេះក្នុងក្លឹបកំសាន្តមួយ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នាជួយអន្តរគមន៍ និងទំនាក់ទំនងជាមួយកម្លាំងនគរបាលពន្លត់អគ្គិភ័យភ្លាមៗ រហូតឈានទៅដល់ការបាញ់ពន្លត់ទាន់ពេលវេលាតែម្តង ។
ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យបាញ់អស់ទឹកមួយគ្រឿង ចំណែកឯសម្ភារះខូចខាតបន្តិចបន្តួច ប៉ុន្តែសំណាងល្អ មិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ហើយមូលហេតុនៃការឆេះនេះដោយសារតែផ្ទុះសេខ្សែភ្លើង ធ្វើឲ្យខ្ទេចភ្លើងត្រូវសម្រាមទើបបង្កឲ្យឆេះតែម្តង ៕ ស ដារ៉ា