ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះថា៖ ជូនដំណឹង! បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ!
ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ!
Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ!
តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត!៕
ដោយ៖ តារា