ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ណែនាំពិនិត្យលើការដាក់យោធិនចូលនិវត្ត ដោយមិនត្រូវគិតតែពីអាយុនោះទេ សំខាន់នៅមានសមត្ថភាព កម្លាំងមាំមួន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពិនិត្យលើការដាក់យោធិនចូលនិវត្ត ដោយមិនត្រូវគិតតែពីអាយុនោះទេ ពោលគឺបានផ្ដល់គោលការណ៍ ដល់ក្រសួងការពារជាតិ ត្រូវពិនិត្យ មើលចំពោះយោធិនចូលនិវត្តន៍ប្រភេទ២ ដែលមានជំនាញ ត្រូវរក្សាទុកសិន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរខួបអនុ ស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ បាន ផ្ដល់គោលការណ៍ដល់ ក្រសួងការពារជាតិឱ្យយកចិត្តទុកដាក់ទៅលើនាយទាហាន នាយទាហានរង និងពលទាហានប្រភេទ២ ដែល មានជំនាញ នៅមានសុខភាពល្អ ត្រូវរក្សាទុកសិន ដើម្បីបំពេញចន្លោះ ទ័ពជំនាញ ដើម្បីបន្ស៊ាំបណ្ដុះបណ្ដាល អ្នកបន្តវេនដូចជាជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្ម និងជំនាញផ្សេងៗទៀត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា យោធិនដែលដល់អាយុហើយនៅក្មេង នៅមាន កម្លាំងមាំ មួន នៅមានឆន្ទៈ ជាពិសេសបានបន្ស៊ាំ ជំនាញរួចស្រេចទៅហើយ ពួកគេមិនអាច បោះបង់ការងារជំនាញរបស់គេទេ ខណៈពេលដែលមិនទាន់អាចជ្រើសរើសកងទ័ពថ្មីបានដែរនោះ។ 

សម្ដេចបានបន្តថា ចំពោះយោធិនជំនាញចាំបាច់ដែលគាត់នៅមានសុខភាពល្អ គួររក្សាសិន ដើម្បីបន្សាំនិងបណ្ដុះបណ្ដាលអ្នកបន្តវេន ដូចជា ជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្មជាដើម។ ដោយឡែក យោធិនដែលដល់អាយុចូលនិវត្តន៍ តែនៅក្មេងនៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ មិនចាំបាច់ដាក់ឱ្យចូលនិវត្តបង្គ្រប់គោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ។

សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «នាយទាហាន នាយទាហានរង និងពលទាហានដែលនៅក្មេង នៅមានកម្លាំងមាំមួន នៅមានឆន្ទៈ ត្រូវទុកឱ្យគាត់បំពេញភារកិច្ចតទៅទៀត ព្រោះពួកគាត់បានបន្សាំនឹងការងារជាយោធិនច្រើនឆ្នាំហើយ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់យោបល់ទៅខាងយោធសេវាកម្ម និងខាងនីតិកម្មអាចពិនិត្យមើលពីលក្ខខន្តិកៈរបស់កងយោធពលខេមរភូមិន្ទឡើងវិញ ពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍ ដូចជាដំឡើងអាយុចូលនិវត្តន៍សម្រាប់យោធិនស័ក្តិទាបៗ ហើយអាចគិតពីកាំប្រាក់ខ្លះជូនពួកគាត់ សម្រាប់ពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖