ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ នៅក្រុងបាត់ដំបងយ៉ាងសកម្មម្នាក់ រួមនឹងវត្ថុតាងទូរស័ព្ទដៃជាច្រើនគ្រឿងជាសាធារណៈមុននិងបញ្ជូនខ្លួនទៅតុលាការ ដេីម្បីអនុវត្តបន្តតាមច្បាប់។
បេីតាមលោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខៃ ដែន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិវត្តកណ្តា ល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានធ្វេីការសាកសួរតាមនីតិវិធី។
សូមជម្រាបថា មុនពេលឃាត់ខ្លួនជនសង្ស័យនេះគឺកាលពីថ្ងៃទី ០៨ខែតុលា ឆ្នាំ២០២៤វេលាម៉ោងប្រមាណ០៣ និង ០៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ រុន បញ្ញ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំ នៅភូមិ សូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះរបស់ជនរងគ្រោះហើយចូលយក ទូរស័ព្ទដៃស៊េរីចាស់ ០៧ គ្រឿង , ដុំសាកថ្មទូរស័ព្ទដៃ ០៥ គ្រឿង , កាសស្តាប់ ០៧ គ្រឿង , ម៉ាស៊ីន មីក្រូស្កូប ០១ គ្រឿង និងឆ្នាំងសាកមួយចំនួន ហេីយគេច ខ្លួនបាត់។
ក្រោយជនរងគ្រោះដឹងថាបាត់ទ្រព្យសម្បត្តិក៏បានប្តឹងមកសមត្ថកិច្ចនគរបាលហេីយសមត្ថកិច្ចក៏ផ្តេីមធ្វេីការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង និងចាប់យកវត្ថុតាងរួមមាន៖
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA ZOOMER x ពាក់ស្លាកលេខ ភ្នំពេញ 1FV-1642
-ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ
បច្ចុប្បន្នការិយាល័យជំនាញត្រៀមបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ តារា