ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ឆ្លុះបញ្ចាំងនូវឆន្ទៈខ្ពស់ក្នុងការរួមចិត្ត រួមកម្លាំង គាំទ្រ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តវិធានការគន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ ក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះ នៃការកែទម្រង់រដ្ឋបាលសាធារណៈផង និងក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានចុះតាមបណ្តាក្រសួងស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ក្រោមសហធិបតីភាពរបស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។សិក្ខាសាលា នេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ សិក្ខាសាលា បានរៀបចំវេទិកាពិភាក្សា សំនួរ ចម្លើយ ដើម្បីទទួលបានការចូលរួមមតិយោបល់ ក៏ដូចជាឆ្លើយតបរាល់មន្ទិលនានា ដោយទទួលបានការចូលរួមសួរសំណួរ និងការចែករំលែកមតិយោបល់យ៉ាងផុលផុស។ 

ក្នុងមតិបូកសរុបសិក្ខាសាលាអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញពីឆន្ទៈគាំទ្រយ៉ាងពេញទំហឹងជាមួយក្រសួងមុខងារសាធារណៈ ព្រមទាំងសង្ឃឹមយ៉ាងមោះមុតថា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបាននូវបទពិសោធន៍ និងស្វែងយល់កាន់ តែស៊ីជម្រៅបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការ អនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា សម្ព័ន្ធក្រសួងមហាផ្ទៃ។ 

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងប្រសាសន៍បិទសិក្ខាសាលាថា ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តសហការការងារ បំពេញបន្ថែមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធិស្នាល ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងជាពិសេសលើការចូលរួមសហការលើការដ្ឋាន កែទម្រង់រដ្ឋបាលសាធារណៈ និងការដ្ឋានការ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា ភាពជោគជ័យនៃការ វិភាគមុខងារក្រសួង ស្ថាប័ន នឹងក្លាយទៅជាមូលដ្ឋានដ៏សំខាន់នៃការពង្រឹងភាពធន និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឱ្យបានជោគជ័យឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

ការវិភាគមុខងារជាជំហានដ៏សំខាន់ ដើម្បីគាំទ្រដល់ការ អនុវត្តការងាររបស់ក្រសួង ស្ថាប័ន ឱ្យមានសុពល ភាព និងជាចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមមួយ ចំនួន ដែលក្រសួង ស្ថាប័ន បាននិងកំពុងជួបប្រទះកន្លងមក។ លោកបន្ថែមថា សិក្ខាសាលានេះមានគោល បំណង ដើម្បីពង្រឹងសហប្រតិបត្តិការភាពប្រទាក់ក្រឡា និងភាពច្បាស់លាស់រវាងក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាព នៃការ អនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា នាថ្ងៃស្អែកទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នឹងបន្តសហការរៀបចំសិក្ខា សាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នចំនួន២ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ៕

ដោយ៖ សូរិយា


ចែករំលែក៖