ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ការអភិវឌ្ឍគម្រោងស្ថាបនា ផ្លូវអមសងខាងផ្លូវរថភ្លើងចាប់ពីផ្លូវលេខ ៧០ដល់ផ្លូវជាតិលេខ៥នឹងមិនឱ្យមានការប៉ះពាល់ឡើយ ប្រសិនបើប្រជាពលរដ្ឋរង ផលប៉ះពាល់ណាម្នាក់មិនព្រមទទួលយកពីគម្រោងអភិវឌ្ឍន៍នោះ ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវរថភ្លើងទាំង៤សហគមន៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានី ភ្នំពេញ លោកប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវដែកចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌប្ញស្សីកែវ មិនតម្រូវឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ ណាម្នាក់ចាកចេញពីតំបន់នេះឡើយដោយប្រើយុទ្ធសាស្រ្តកាត់បន្ថយផលប៉ះពាល់ មកនៅកម្រិតទាបបំផុត ។
លោកបន្ដថា ការអភិវឌ្ឍតំបន់នោះ គឺមានផលប្រយោជន៍ច្រើនណាស់ ដោយមិន ត្រឹមតែមានផ្លូវស្រួលក្នុងការធ្វើចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលនៅសល់ដីពីការអភិវឌ្ឍនឹងធ្វើបណ្ណកម្មសិទ្ធិជូនថែមទៀត ។ ចំណែកអ្នកដែលរងផលប៉ះពាល់ទាំង ស្រុងវិញនឹងត្រូវចល័តទៅកន្លែងមួយ ផ្សេងទៀត ប៉ុន្តែស្ថិតនៅមាត់ផ្លូវដែលគ្រោងស្ថាបនាផ្លូវនេះដដែលទេ ។
លោកបានស្នើឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងនេះ គួរទៅពិចារណាឡើងវិញដើម្បីឈានទៅស្ថាបនាផ្លូវឱ្យបានឆាប់ និងដោះស្រាយ ការលំបាករបស់បងប្អូន ដែលគ្មានផ្លូវធ្វើ ចរាចរណ៍ត្រឹមត្រូវ ពិសេសសំណង់ផ្ទះមិនទាន់ទទួលស្គាល់ពីផ្លូវច្បាប់ផងនោះ ។
ជាមួយគ្នានេះដែរសាលារាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុង វេទិកាសាធារណៈ នាពេលឆាប់ៗខាងមុខ នេះ ពោលគឺបន្ទាប់ពីក្រុមជំនាញបានចុះ ទៅសិក្សាឱ្យបានច្បាស់លាស់ពីផល ប៉ះពាល់រួមជាមួយនឹងគំរូប្លង់ស្ថាបនារួចហើយនោះ ។
សូមបញ្ជាក់ថាគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ដល់ផ្លូវជាតិលេខ៥មានប្រជាពលរដ្ឋរងផលប៉ះពាល់ប្រមាជា១.០២៥គ្រួសារក្នុងទំហំចម្ងាយ ១០ម៉ែត្រអមសងខាងផ្លូវរថភ្លើងដែលមានប្រវែងជិត៥គីឡូម៉ែត្រ ៕ សំរិត