ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋឃុំកំពង់ ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងព្រួយ បារម្ភ ស្រូវស្រែវស្សារបស់ពួកគាត់ជាច្រើនហិកតា អាចនឹងត្រូវខូចខាត ដោយសារមិនមានទឹកសម្រាប់ដាក់ស្រែបន្ទាប់ពីក្រុមហ៊ុនឧកញ៉ាម្នាក់បានសាងសង់ស្ថានីយប្រេង ឥន្ធនៈ និងភោជនីយដ្ឋានបិទផ្លូវទឹករបស់ពួកគាត់ ។ អាជ្ញាធរស្រុកស្ទោងបញ្ជាក់ថា ពួកគាត់បានចុះពិនិត្យ និងដោះស្រាយរួច រាល់ហើយ ។
ប្រជាពលរដ្ឋស្នើមន្ត្រីពាក់ព័ន្ធជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដោយ សារតែគ្មានទឹកដាក់ស្រែ ។ អ្នកភូមិអះអាង ថា ប្រសិនបើគ្មានទឹកស្រោចស្រពដំណាំ ស្រូវពួកគាត់ទៀតនោះស្រូវជាង៤០ ហិកតានឹងរងការខូចខាតជាមិនខាន ។
ប្រជាពលរដ្ឋធ្វើស្រែនៅភូមិត្រាច ឃុំ កំពង់ចិនជើងមួយរូបសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឲ្យដឹងថា ស្រូវរបស់គាត់ចាប់ផ្តើមខូចខាតជាបណ្ដើរៗ ដោយសារគ្មាន ទឹកស្រោច ស្រព ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានស្ថានីយប្រេងឥន្ធនៈនិងភោជនីយដ្ឋានមួយបានកសាងឡើងដោយលុបផ្លូវ ទឹកហូរធ្លាក់ពីទំនប់៣០កញ្ញា កាលពី ឆ្នាំ២០១៥ ។ ពលរដ្ឋរូបនេះបន្តថា ពួក គេបានលុប ផ្លូវទឹកពីដើមមកហើយធ្វើ ប្រឡាយខាង ក្រោយជំនួស ព្រមទាំងដាក់ទុយយោសម្រាប់បង្ហូរទឹកចូលដីស្រែប្រជាពលរដ្ឋ ប៉ុន្តែមិនបានគ្រប់គ្រាន់ឡើយព្រោះ ម្តងបើកម្តងបិទ ។
កាលពីថ្ងៃទី៥ ខែសីហា ពលរដ្ឋ២០ គ្រួសារដែលមានដីស្រែរងផលប៉ះពាល់ ៤៥ហិកតាបានធ្វើលិខិតអមដោយស្នាមមេដៃដាក់ជូនអាជ្ញាធរស្រុកឲ្យជួយអន្តរា គមន៍លើបញ្ហាទឹកដាក់ស្រែនេះ ។ ក្នុង លិខិតបញ្ជាក់ថា កន្លងមកពលរដ្ឋមាន ទឹកដាក់ស្រែ ព្រោះមានប្រភពចេញពីទំនប់ ៣០កញ្ញា នៅតំបន់កែងគោល ហើយរាជ រដ្ឋាភិបាលបានធ្វើទ្វារទឹកជូនពលរដ្ឋទៀតផង ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនឧកញ៉ាម្នាក់ទៅវិនិយោគតំបន់នោះធ្វើឲ្យពលរដ្ឋមិនមានទឹកគ្រប់គ្រាន់សម្រាប់ដាក់ស្រែឡើយ ។
ដោយឡែកតំណាងក្រុមហ៊ុននៅស្រុក ស្ទោងគឺលោក ទិត្យ សំណាង មានប្រសាសន៍ ថា ផ្លូវទឹកដែលហូរកាត់នៅចំណុចកែង គោល ពុំមែនជាប្រឡាយទេ ប៉ុន្តែវាគ្រាន់តែជាផ្លូវទឹកដែលហូរតាមដីចំណីផ្លូវ ប៉ុណ្ណោះ។ លោកបន្តថា ខាងលោកបានធ្វើប្រឡាយទឹកពីក្រោយក្បាលដីរបស់ខ្លួន ដោយមិនបានបិទផ្លូវទឹកដូចការចោទ ប្រកាន់ឡើយ ប៉ុន្តែដោយសារទឹកឆ្នាំនេះ តិច ម្យ៉ាងទឹកហូរធ្លាក់ពីខាងលើមានការរាំងស្ទះច្រើនកន្លែងផង។ បន្ថែមពីលើនេះភ្លឺ ស្រែរបស់ពលរដ្ឋដែលមានដីនៅខាងក្រោមដីលោកឧកញ៉ាគឺតូចៗមិនអាចរក្សាទុក ទឹកបានយូរ ។
អភិបាលរងស្រុកស្ទោង ដែលបានចុះ សម្របសម្រួលបញ្ហានេះ លោក សៀង ម៉ាប់ មានប្រសាសន៍នៅថ្ងៃទី១៥ ខែសីហា ថា អាជ្ញាធរបានអន្តរាគមន៍លើបញ្ហាទឹក ដាក់ស្រែរបស់ពលរដ្ឋកាលពីថ្ងៃទី១១ សីហា ដោយសម្រួលឲ្យមានការបើកផ្លូវ ទឹកប្រើប្រាស់ជាបណ្ដោះអាសន្ន។ លោក បន្តថា អាជ្ញាធរមូលដ្ឋានត្រូវតាមដាន ដំណើរការនេះហើយប្រសិនបើពលរដ្ឋជួប បញ្ហាទៀតនោះ អាជ្ញាធរស្រុកនឹងចុះអន្តរាគមន៍បន្តទៀត ៕ ហេង សូរិយា