ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រទានភ្លើងបូជាសពឧត្តមសេនីយ៍ទោ ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ នៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសព ឧត្តមសេនីយ៍ទោ ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវជាកូនបង្កើតរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងបានចាត់ទុកការបាត់បង់ឧត្តមសេនីយ៍ទោ ថា ដាណាន់ ជាការបាត់បង់កូន ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវយោធិនមួយរូប ពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ថា ដាណាន់ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖