ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តដឹកផ្លែដូងទៅកិនគំរបលូក្រឡាប់ចាក់ផ្លែដូងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកផ្លែដូងមួយគ្រឿង បានបើកថយក្រោយមិនប្រយ័ត្នជ្រុលទៅកិនចំគំរបលូ បណ្តាលឲ្យបាក់បែក រថយន្តក៏ត្រូវក្រឡាប់ចាក់ផ្លែដូងពេញផ្លូវ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលេខ៣៥៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាក លេខ កំពង់ឆ្នាំ 2C-6585 ឲ្យដឹងថាជារៀងរាល់ដង គាត់តែងតែឈប់រថយន្តដឹកទំនិញរបស់គាត់នៅកន្លែងកើតហេតុ ដើម្បីធ្វើការជញ្ជូនផ្លែដូងដែលមាននៅក្រោយរថយន្ត ទៅដាក់ចូលផ្ទះអ្នកលក់ ។ លុះដល់យប់ម៉ោងកើតហេតុ គាត់បានចតរថយន្តនៅកន្លែងដដែល តែម្ចាស់ផ្ទះអ្នកលក់ផ្លែដូង បានឲ្យគាត់ឡើងរថយន្តមកលើខឿន តែគាត់បានបដិសេដ ព្រោះរាល់ដងចតរថយន្តនៅលើផ្លូវ តែម្ចាស់ផ្ទះនៅតែឲ្យឡើងមកលើ ទើបគាត់សម្រេចថយរថយន្តឡើងលើ ក៏ស្រាប់តែកិនចំគំរបលូ បណ្តាលឲ្យបាក់គំរបលូនោះ រួចក្រឡាប់រថយន្តជ្រុះដូងរាយប៉ាយពេញផ្លូវតែម្ដង ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកទីតាំងកើតហេតុ និងបានឲ្យរថយន្តស្ទូច ធ្វើការស្ទូចរថយន្តខាងលើឲ្យមកសភាពដើមវិញ និងធ្វើការត្រួតពិនិត្យការខូចខាតទៅលើគំរបលូនោះ ដើម្បីឲ្យម្ចាស់រថយន្តចេញថ្លៃខូចខាត ទេីបសម្រេចឲ្យម្ចាស់យករថយន្តទៅប្រេីប្រាស់វិញ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖