ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ភមថវិកាបន្ថែមលើកទឹកចិត្តដល់កីឡាករប្រណាំងទូកង ត្រៀមយកទៅប្រកួត នៅរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមជាលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីប្រណាំងទូកងនៅខេត្តកំពង់ធំកាលពីថ្ងៃទី១៦-១៧ខែតុលា និងទទួលបានជ័យលាភីលេខ១ និងលេខ២កន្លងមកថ្មីៗនេះ។ 

នាឱកាសនោះលោក នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក  និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ និងលេខ២ប្រចាំខេត្តកំពង់ធំ នៅពេលនេះ ដើម្បីត្រៀមទៅប្រកួតនៅរាជធានីភ្នំពេញមានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ។

លោកអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើរ ឱ្យកីឡាករចំណុះទូកទាំងអស់បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ឱ្យទទួលបានជ័យជំនះបន្តទៀត។ សូមឱ្យកីឡាករទាំងអស់រក្សាអនាម័យឱ្យបានល្អ ពិសេសគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) ដើម្បីឱ្យមានសុខភាពល្អទទួលយកជ័យជំនះក្នុងការប្រកួត។

សូមបញ្ជាក់ផងដែរថា លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះពិនិត្យមើលទូកចំនួន៣ ដែលត្រូវត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញមាន ៖ ១.ទូកឈ្មោះ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ ៧៥នាក់ ទទួលបានជ័យលាភីលេខ១ ស្ថិតនៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ២.ទូកឈ្មោះ បុប្ផាស្ទឹងសែន មានចំណុះ ២២នាក់ ទទួលបានជ័យលាភីលេខ១ ស្ថិតនៅវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ៣.ទូកឈ្មោះ សែនសិរីមានជ័យមានចំណុះ ៧៥នាក់ ទទួលជ័យលាភីលេខ២ ស្ថិតនៅវត្តសែនសិរី(ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

ដោយ ៖ សិលា


ចែករំលែក៖