ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ យើងច្បាស់ជាបានលឺច្រើនដងហើយពីពាក្យសន្តិភាព ហើយពាក្យសន្តិភាពនេះដែរ យើងត្រូវតែនិយាយហើយនិយាយទៀត និយាយមិនចេះចប់នោះទេ ទោះបីជាដេកយល់សប្តិ៍ក៏ឃើញពាក្យសន្តិភាពដែរ ព្រោះថា មានតែសន្តិភាពទេ ដែលអាចជួយយើងកុំឱ្យសុបិន្តអាក្រក់កើតឡើងចំពោះយើងទៀត។
នៅក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានតែសន្តិភាពទេ ដែលអាចការពារមិនឱ្យសុបិន្តអាក្រក់ គឺសង្រ្គាមដែលគួរឱ្យភ័យខ្លាចនិងមិនអាចបំភ្លេចបាន កុំឱ្យកើតមានឡើងចំពោះយុវជនយើងទៀតដូចកាលពីអតីតកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាម មិនស្គាល់ចាស់ ឬក៏ក្មេងនោះទេ ហើយបើសិនសង្រ្គាមកើតមានឡើងហើយ យុវជនរបស់យើង នឹងបាត់បង់អនាគត ក្តីសង្ឃឹម និងឱកាស ព្រោះត្រូវស្ពាយអាវុធចូលសមរភូមិជាមិនខាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ ដូច្នេះសុខសន្តិភាព គឺសំខាន់សម្រាប់ជីវិតមនុស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាលើកតម្កើងគំនិតវិជ្ជមាន, កុំខ្វល់រឿងគេ ត្រូវប្រឹងប្រែងរួបរួមលើកកម្ពស់សមត្ថភាព និងលើកតម្កើងអ្វីដែលខ្មែរមាន ៕
ដោយ ៖ សិលា