ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ ហើយមានប្រជាពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅតំបន់មានហានិភ័យដោយសារមីនផងដែរ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា សង្គ្រាមមិនមែនត្រឹមតែសម្លាប់មនុស្ស នៅក្នុងពេលប្រយុទ្ធគ្នានោះទេ សង្គ្រាមនៅបន្តសម្លាប់ជីវិតមនុស្សនៅប្រទេសខ្មែរ តាមរយៈការបន្សល់ទុកគ្រាប់មីន ខណៈមានប្រជាពលរដ្ឋខ្មែរ កំពុងបន្តស្លាប់ ជាបន្តបន្ទាប់ដោយសារមីននេះ។
សម្តេចមហាបវរធិបតី មានប្រសាសន៍ថា «ក្នុងរយៈពេលជិត៣០ឆ្នាំ យើងបានដោះមីន បានជាង ៣,០០០គីឡូម៉ែត្រការ៉េ អីឡូវយើងនៅសល់ ១,៧០០គីឡូម៉ែត្រការ៉េទៀត ដែលនៅបន្តដោះ ប្រជាពលរដ្ឋប្រហែល ១លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ ដែលមានហានិភ័យដោយសារមីន»។
សម្តេចមហាបវរធិបតី បន្ដថា «ហើយខ្ញុំសូមប្រាប់នៅសល់ ១,៧០០ម៉ែត្រការ៉េនេះ ប៉ុណ្ណា គឺ ២ដងកន្លះសឹង្ហហ្គាពួរ យើងនៅសល់មីន ១,៧០០ម៉ែត្រការ៉េ អញ្ចឹងកិច្ចការទាំងអស់នេះ គឺបន្ដធ្វើយ៉ាងណាថែរក្សាសន្ដិភាព ដោះមីន កុំដាក់មីនបន្ថែម»។
ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាបន្តថែរក្សាសន្តិភាព និងខិតខំដោះគ្រាប់មីន កុំដាក់គ្រាប់មីនបន្ថែម ត្រូវរួមគ្នាកសាងកម្លាំងកងទ័ព ដើម្បីការពារជាតិ៕
ដោយ ៖ សិលា