ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូសភាកម្ពុជាចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥ យ៉ាងផុលផុស

ចែករំលែក៖

ប្រទេសឡាវ ៖ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៤៥ មាន លោក ឃុត ចាន់ដារ៉ា លោក សេង ញ៉ក់ លោក កែវ ពិសិដ្ឋ និងអមដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍។ 

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល (Joint Communique)នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមបញ្ចេញមតិយោបល់យ៉ាងសកម្ម និងផុសផុលលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលនៃមហាសន្និបាត ស្របតាមខ្លឹមសារនៃមហាសន្និបាតអាយប៉ាលើកទី៤៥។ 

អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA ជាការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគាំទ្រ និងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិ។

មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅពេលនេះក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” ។ 

ការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការបូកសរុបនៅពេលនេះ ជាកំណត់ហេតុបញ្ជាក់ពីលទ្ធផលផ្លូវការនៃមហាសន្និបាតអាយប៉ាលេីកទី៤៥ ដែលប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ានឹងចុះហត្ថលេខានៅក្នុងពិធីបិទមហាសន្និបាតជាផ្លូវការនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។ សេចក្តីព្រាងនៃរបាយការណ៍នេះត្រូវបានពិភាក្សា និងអនុម័តក្រោមស្មារតីមិត្តភាព និងសកម្មភាព ក្នុងនោះសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៧ គ្របដណ្តប់លើវិស័យសំខាន់ៗត្រូវបានអនុម័ត ៕

ដោយ ៖ សិលា


ចែករំលែក៖