ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា​ ១លាននាក់ក្នុងមួយឆ្នាំ

ចែករំលែក៖

ប្រទេសចិន៖​ រដ្ឋបាលខេត្តហឺណាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានឱ្យដឹងថា​ ខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន ដែលមានប្រជាជនប្រមាណ១០០លាននាក់ សន្យានឹងខិតខំជំរុញភ្ញៀវទេសចរឱ្យមកទស្សនានៅប្រទេសកម្ពុជា​ ឱ្យបាន ១លាននាក់ ក្នុងមួយឆ្នាំ ព្រមទាំងជួយជំរុញក្នុងការបង្កើនជើងហោះហើរត្រង់ផងដែរ។

សូមជម្រាបថា​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៤។ ក្រៅពីចូលរួមព្រឹត្តិការណ៍​ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតទទួលជួបជាមួយសមា​ជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន អភិបាលរងខេត្តហឺណាន មន្រ្តីជាន់ខ្ពស់ និងប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍។

បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងទេសចរណ៍   បានឱ្យដឹងថា ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី​ ហួត ហាក់ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វ​ផ្សាយឱ្យបានទូលំទូលាយ អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា កៀរគរភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនមកកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់ថា៖«ជំនួបពិភាក្សាការងារខាងលើ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់ ដោយខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ១០០លាននាក់ ដែលមានសក្ដានុពលដ៏ធំធេងសម្រាប់កម្ពុជាចាប់យកឱកាសក្នុងការជំរុញភ្ញៀវទេសចរមកពីខេត្តហឺណាន»។

យោង​តាមសេចក្តីប្រកាស​ បានឱ្យដឹងថា៖«ដូច្នេះតបតាមការស្នើសុំរបស់ភាគីកម្ពុជា​ រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយ ដើម្បីកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន ១លាននាក់ ក្នុង ១ឆ្នាំ។

បន្ថែមលើនេះ ភាគីចិន នឹងពិនិត្យលទ្ធភាពក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជំរុញ ក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តហឺនណានមកកម្ពុជា។

លោករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តហឺណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប” និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែងៗ។

គួរបញ្ជាក់ថា​ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុណសៅលីញនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបាននាំយកក្បាច់គុនល្បុក្កតោកម្ពុជា មកសម្ដែងជាលើកដំបូងនៅបរិវេណមុខខ្លោងទ្វារព្រះវិហារវត្តសៅលីញដ៏ល្បីល្បាញ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមចិនយ៉ាងទូលំទូលាយ ដែលមានអ្នកចូលទស្សនាតាមបណ្ដាញសារព័ត៌មាននានាប្រមាណ ១០០លាននាក់៕

ដោយ៖ តារា


ចែករំលែក៖