ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយលោក ស៊ី ជីនពីង ប្រាប់ឱ្យកងទ័ពត្រៀមលក្ខណៈ ពេលនេះទាហានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ចិនបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២២ ខែតុលានេះជាផ្នែកមួយនៃការរក្សាការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីបានធ្វើ សមយុទ្ធទ្រង់ទ្រាយធំ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យកងទ័ពត្រៀមលក្ខណៈសម្រាប់សង្រ្គាម។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) ស្ថិតនៅកោះ Pingtan នៃភាគខាងកើតប្រទេសចិនបានប្រកាសថា ការបាញ់គ្រាប់ពិត អាចនឹងត្រូវធ្វើឡើងនៅតាម ទីតាំងមួយចំនួនស្ថិតនៅជិតចិនដីគោក និងស្ថិតនៅចម្ងាយ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។ MSA បញ្ជាក់ទៀតថាសមយុទ្ធបាញ់គ្រាប់ពិតនេះដែរត្រូវធ្វើឡើងនៅម៉ោង៩ព្រឹក នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយចំណាយពេល៤ម៉ោង នៅទីតាំងមួយដែលមានផ្ទៃ ១៥០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើកងកម្លាំងចិនណាមួយដែលដឹកនាំការធ្វើសមយុទ្ធនេះ ឬគោលបំណងនៃការធ្វើសមយុទ្ធនេះនោះទេ។
សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន ធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នាវាចម្បាំងអាមេរិក និងកាណាដាបានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ដោយឡែក ជាប្រតិកម្មឆ្លើយតបទៅនឹងសមយុទ្ធនេះដែរ តៃវ៉ាន់បាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិនអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីបង្កើនការសម្លុតគំរាម និងកំញើញបង្ហាញសាច់ដុំក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuter)


ចែករំលែក៖