ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ លោក IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ។ 

នៅក្នុងជំនួបតាមទូរស័ព្ទនេះ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីចំពោះការតែងតាំងរបស់ ឯកឧត្តម IWAYA Takeshi។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ 

លោក IWAYA Takeshi បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សុខាភិបាល ការពារជាតិ និងសន្តិសុខ ការសម្អាតមីន និងការតភ្ជាប់។ 

រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ៕

ដោយ ៖ សិលា


ចែករំលែក៖