ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី អ៊ាត តុលា ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រកាសបែងចែកភារកិច្ចទទួលខុសត្រូវ ជូនអនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម លោកអនុប្រធានស្ថានីយ៍, លោកនាយការិយាល័យ ទាំង៧ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើមនៃពិធីបើកអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី អ៊ាត តុលា បានថ្លែងអំណរគុណដល់មន្ដ្រីទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន រហូតទទួលបានជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី បានបន្ដថា ការខិតខំប្រឹងប្រែងបំពេញការងារនេះដែរ ក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ផងដែរ។
នាឱកាសនោះ នាយការិយាល័យរដ្ឋបាលសរុប នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ក៏បានអានសេចក្ដីកំណត់ ស្ដីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ នាយការិយាល័យទាំង៧ ក៏បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ ប្រចាំខែតុលា តាមការិយាល័យនីមួយៗ ជូនអង្គប្រជុំផងដែរ។
ក្រោយបានស្ដាប់នូវការលើកឡើងរបស់ នាយការិយាល័យទាំង៧ រួចមក លោកឧត្តមសេនីយ៍ត្រី អ៊ាត តុលា ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ណែនាំបន្ថែមដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបំពេញការងារបន្ដទៀត ដើម្បីឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាន់តែរីកចម្រើនបន្ថែមទៀត ហើយនៅតាមការិយាល័យនីមួយៗ ត្រូវរៀបចំផែនការ ឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ាត តុលា ក៏បានផ្ដាំផ្ញើរដល់មន្ដ្រីទាំងអស់ ត្រូវបង្កើននូវសាមគ្គីភាពផ្ទៃក្នុង ហើយត្រូវគោរពវិន័យ របស់កងកម្លាំងនគរបាលជាតិ ឱ្យបានជាប់ជាប្រចាំផងដែរ៕
ដោយ ៖ សិលា