ខេត្តកែប, កោះកុង៖ ដើម្បីធានាការពារសុខុមាលភាពសម្រាប់អ្នកប្រើប្រាស់ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ កាលពីទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងភូមិសាស្ត្ររបស់ខ្លួន។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលប្រសើរ មន្ត្រីជំនាញ ពុំបានរកឃើញ ទំនិញខូចគុណភាព មិនមានភាពអនុលោម ឬ ខុសនឹងបទដ្ឋានពត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ធ្វើយ៉ាងណាចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕
ដោយ៖ តារា