ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ក្រៅពីការសាទរនូវវត្តមានដ៏កក់ក្តៅ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ។
គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ បានមកទទួលសេវា ៕
ដោយ ៖ សិលា