ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងក្នុង និងក្រៅខេត្តឧត្តរមានជ័យឱ្យបានជ្រាបថា ក្នុងគោលបំណងរក្សាបានប្រពៃណី ទំនៀមទម្លាប់របស់ ដូនតា ក៏ដូចជាបង្កបរិយាកាសរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្ត តែងតែរៀបចំពិធីប្រណាំងទូកនៅបឹងស្នេបរិវេណសួនច្បារផ្លូវភ្លោះខាងមុខសាលាខេត្ត ហើយក្នុងឆ្នាំនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏នឹងបន្តរៀបចំកម្មវិធីដ៏មហោឡារិកដូចបណ្តាឆ្នាំមុនៗផងដែរ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចាត់តាំងឱ្យមានការប្រណាំងទូក “ង” ខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ជាលក្ខណៈ មិត្តភាពរបស់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សាលាខេត្ត សាលាក្រុង ស្រុក និងទូករបស់បណ្តាខេត្តជាប់ព្រំដែន និងព្រំប្រទល់ ព្រមទាំងមានការដាក់តាំងបង្ហាញ និងលក់ផលិតផល កសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគសព្វសារពើ ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តនាពេលបច្ចុប្បន្ន រួមនឹងមានការប្រគុំតន្ត្រី កីឡាប្រដាល់គុនខ្មែរ និងល្បែងកំសាន្តនានាក្នុងពេលរាត្រីផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងចូលរួម ពិធីនេះឱ្យបានអធិកអធម ដើម្បីញ៉ាំងឱ្យការប្រារព្ធពិធីនេះមានភាពឱឡារិក និងប្រកបដោយបរិយាកាស សប្បាយរីករាយ៕
ដោយ ៖ សិលា