ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ ២០០ នាក់បានផ្ញើការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីលោក Trump

ចែករំលែក៖

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាង ២០០នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយ ព្រមានអំពីសុខភាពផ្លូវចិត្តរបស់អតីតប្រធានាធិបតី Donald Trump ដោយនិយាយថា គាត់មិនសមក្នុងការត្រលប់ទៅសេតវិមានវិញទេ។
ក្រុមសកម្មភាពនយោបាយ Anti-Psychopath Pac បានប្រមូលហត្ថលេខាពីអ្នកជំនាញសុខភាពផ្លូវចិត្តជាង 200 នាក់ ដោយព្រមានថា លោក Donald Trump មានរោគសញ្ញាគួរឱ្យព្រួយបារម្ភដែលពិបាកព្យាបាលដូចជា “ជំងឺបុគ្គលិកលក្ខណៈ និងមានចិត្តសាហាវ”។
លោក Trump បានរិះគន់ម្តងហើយម្តងទៀតអំពីអាយុនិងសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតី Joe Biden ។ នៅពេលនេះ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានព្រមានថា រោគសញ្ញាសុខភាពផ្លូវចិត្តបានធ្វើឱ្យអតីតប្រធានាធិបតី Trump “អសមត្ថភាពទាំងស្រុង” ដើម្បីត្រលប់មកដឹកនាំសហរដ្ឋអាមេរិកវិញ នេះបើយោងតាម Guardian ។
លិខិតចំហរបស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្ដត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី New York Times នៅថ្ងៃទី ២៤ ខែតុលា។ នៅក្នុងសំបុត្រនោះ អ្នកជំនាញបានព្រមានថា ការវិលត្រឡប់របស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋទៅកាន់សេតវិមាននឹងក្លាយទៅជា “ការគំរាមកំហែងដែលមានស្រាប់” ចំពោះតម្លៃជាមូលដ្ឋានរបស់អាមេរិក។
អ្នកជំនាញបានព្រមានថា៖ «វាអាចមើលឃើញយ៉ាងងាយថាអាកប្បកិរិយារបស់លោក Trump មានលក្ខណៈទាំងអស់នៃបុគ្គលិកលក្ខណៈប្រឆាំងសង្គម»។
ការសន្និដ្ឋាននេះគឺផ្អែកលើការប្រៀបធៀបអាកប្បកិរិយារបស់លោក Trump ជាមួយនឹងសៀវភៅណែនាំរោគវិនិច្ឆ័យ និងស្ថិតិនៃជំងឺផ្លូវចិត្ត ដែលជាឯកសារមូលដ្ឋានសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺផ្លូវចិត្ត។
អ្នកជំនាញបាននិយាយថា សូម្បីតែមនុស្សដែលមិនមែនជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តក៏អាចឃើញដែរថាពេញមួយជីវិតរបស់គាត់ លោក Trump បានរស់នៅក្នុងរបៀបរស់នៅដែលផ្ទុយនឹងបទដ្ឋានសង្គម និងច្បាប់ ដោយនិយាយកុហកឥតឈប់ឈរ និងមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដទៃ ឆាប់ខឹងឆេវឆាវ មិនទទួលខុសត្រូវ និងគ្មានវិប្បដិសារី។
អ្នកជំនាញខាងវេជ្ជសាស្ត្រព្រមានថា រោគសញ្ញានៃជំងឺដែលគេទទួលស្គាល់ពីលោក Trump ធ្វើឱ្យអតីតប្រធានាធិបតី “បោកបញ្ឆោត វង្វេងស្មារតី គ្រោះថ្នាក់” និងអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ NYT


ចែករំលែក៖