ខេត្តពោធិ៍សាត់៖ រថយន្តសេរីទំនើបម៉ាកឡិចស៊ីស 570 បើកជែងលឿនដូចហោះបានជ្រុលបុកម៉ូតូវ៉េវទាំងកម្រោល ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យភាគីម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ជើងម្ខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៣-១៥៤ ភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកក្រគរបានឲ្យដឹងថា ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ឡិចស៊ីស 570 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB 3888 បើកបរដោយឈ្មោះ សោម ពឿន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ខាងលើ គេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកជែងរថយន្ត១គ្រឿងទៀតក្នុងល្បឿនលឿនដូចហោះ ក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូ ១ គ្រឿងពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង បុរសម្ចាស់ម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ក្រហម និងខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា តុលា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់បាក់ជើងឆ្វេង។
ប្រភពដដែលបន្តទៀតថា ជនរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកក្រគរ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបង្កសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន
សូមអានបន្តទៀត ៖ ប្រជាពលរដ្ឋរស់នៅភូមិសំរោងកណ្តាលស្នើសុំឲ្យអាជ្ញាធរជួយធ្វើផ្លូវឲ្យមួយខ្សែ