ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅភូមិសំរោងកណ្តាលស្នើសុំឲ្យអាជ្ញាធរជួយធ្វើផ្លូវឲ្យមួយខ្សែ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន រអ៊ូរទាំជារៀងរាល់ថ្ងៃ ហើយទទូចស្នើដល់អាជ្ញាធរមេត្តាចុះពិនិត្យ ជួសជុលផ្លូវមួយខ្សែគ្រាន់បានធ្វើដំណើរងាយស្រួល ដូចបណ្តាភូមិដទៃផង ព្រោះពិបាកក្នុងការធ្វើដំណើរ ដោយរដូវប្រាំងដីហុយ ពេលរដូវវស្សាធ្លាក់ភ្លៀងផ្លូវរអិលហើយស្អិតក្រឡុកធំៗ នៅក្នុងភូមិសំរោងកណ្តាល ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ផ្លូវដែលខូចខាតទាំងនេះ ជាសំណល់តាំងពីនៅស្រុកពញ្ញាឮ ខេត្តកណ្តាលមកម្លេះដែលបច្ចុប្បន្នផ្លូវដ៏ល្អមួយនេះ ត្រូវបានខូចខ្ទេចខ្ទីក្លាយទៅជារណ្ដៅ ជង្ហុក ដក់ទឹក ភក់ជ្រាំធំៗ ពិបាកក្នុងការធ្វើដំណើរទាំងម៉ូតូ និងរថយន្ដដែលពុំទាន់មានការជួសជុលស្ថាបនាថែទាំឡើងវិញនៅឡើយនោះទេ។

ប្រជាពលរដ្ឋលើកឡើងទៀតថា ផ្លូវខូចទាំងនេះបើមានការជួសជុលថែទាំ គឺមិនអីទេតែមកពីលោកប្រធានភូមិសំរោងកណ្តាល ឈ្មោះឡុង ចំរើន ជិះម៉ូតូឆ្លងកាត់ជារៀងរាល់ថ្ងៃមិនសូវខ្វាយខ្វល់រាយការណ៍ទៅលើ ទើបមិនមានការចុះមកត្រួតពិនិត្យជួសជុលដូចទៅនឹងបណ្តាភូមិដទៃក្នុងសង្កាត់សំរោងនេះ ចំណែកប្រព័ន្ធលូក៍មិនទាន់មានដែរ ដែលគម្រោងដាក់លូរាប់ឆ្នាំមកហើយ ហើយលូមានដែរដោយបានត្រឹមដាក់លើថ្នល់ប៉ុណ្ណោះ ។

ចំណែកក្រុមប្រឹក្សាសង្កាត់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងផងដែរថា ក្នុងសង្កាត់សំរោងមានភូមិចំនួន៤ គឺភូមិសំរោងត្បូង ភូមិសំរោងកណ្តាល ភូមិសំរោងជើង និងភូមិគ្រួស ហើយភូមិទាំង៤នេះ៣ភូមិគឺមានផ្លូវបេតុងស្ទើរគ្រុមផ្លូវអស់ហើយ នៅឡើយតែភូមិសំរោងកណ្តាលប៉ុណ្ណោះ ដែលនៅមានផ្លូវរអិលស្អិតក្រឡុកធំៗ ជាច្រើនខ្សែដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏ដូចជាជិះកង់ ម៉ូតូ ឡាន មានការរអ៊ូរទាំជារៀងរាល់ថ្ងៃ ។

ទាំងនេះបណ្តាលមកពីប្រធានភូមិជាអ្នកចុះជាប់ជាមួយប្រជាពលរដ្ឋរៀងរាល់ថ្ងៃដឹងសុខដឹងទុក្ខ តែបែជាមិនរវល់ដឹងឮទៅវិញ ប្រជាពលរដ្ឋនិយាយថា បើយើង (ប្រធានភូមិ) ដោះស្រាយខ្លួនឯងមិនបានគឺយើងរាយការណ៍មកលើ ហើយប្រធានភូមិដទៃគេធ្វើបាន ហេតុអីប្រធានភូមិសំរោងកណ្តាលធ្វើមិនបានដូចគេនោះ។ ទាក់ទងនឹងផ្លូវខូចអត់មានចំណាត់ការនេះលោកឡុង ចំរើន ប្រធានភូមិសំរោងកណ្តាលបានប្រាប់ឲ្យដឹងថា លោកធ្លាប់រាយការណ៍ទៅសង្កាត់ដែរ តែមិនមានដំណោះស្រាយនោះឡើយ គឺឲ្យចាំសិនតែរហូតហ្នឹង ដោយឡែកភូមិដទៃទៀតនៅក្នុងសង្កាត់សំរោងនេះដាក់គម្រោងធ្វើជាហូរហែ ដូច្នេះហើយទើបប្រជាពលរដ្ឋនៅភូមិសំរោងកណ្តាល រអ៊ូរទាំនោះ។ រីឯលូដែលត្រូវដាក់រំដោះទឹកនោះមានហើយ តែសង្កាត់ជាអ្នកឲ្យភូមិជាអ្នកចេញ ហើយភូមិមិនមានថវិការនោះទេទើបដាក់បានត្រឹមតែលើផ្លូវនោះ។

ដោយឡែកលោកយ៉ិន អ៊ីម ចៅសង្កាត់សំរោង បានប្រាប់ឲ្យដឹងដែរថា លោកមិននឹកស្មានថាផ្លូវនៅក្នុងភូមិសំរោងកណ្តាលនេះវាខូចដល់ថ្នាក់ហ្នឹងឡើយ ដោយសារតែលោកមិនសូវបានជិះកាត់ទីនេះទើបមិនសូវដឹង ចំណែកប្រធានភូមិនេះមិនដែលរាយការណ៍ប្រាប់លោកឡើយអំពីផ្លូវខូចទាំងនេះ ចាប់ពីនេះទៅគម្រោងសង្កាត់នឹងដាក់គោលដៅធ្វើផ្លូវនៅភូមិសំរោងកណ្តាលនេះហើយ ៕ ព្រែកជ័យ

chnt

chanth

thuern


ចែករំលែក៖