ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សួរ អញ្ជើញជាអធិបតី ប្រគល់មេដាយជូនដល់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

ចែករំលែក៖

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ 

ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពច្នៃប្រឌិតដ៏អស្ចារ្យតាមរយៈការប្រកួតប្រជែងទៅតាមជំនាញនីមួយៗ ហើយគណៈកម្មការ​បច្ចេកទេសបានផ្តល់នូវសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ ជាពិសេស ក៏មានការចូលរួមដោយសប្បាយរីករាយពីសំណាក់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រតាមជំនាញនីមួយៗ ដែលធ្វើឱ្យកម្មវិធីប្រកួត ប្រជែងជំនាញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ និងបន្សល់ទុកនូវរូបភាព និងអនុស្សាវរីយ៍យ៉ាងច្រើន។ 

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ 

ទន្ទឹមនេះ លោកហេង សួរ ក៏បានផ្តល់អនុសាសន៍ដល់ជ័យលាភីមេដាយមាសទាំង៧គ្រឿង ត្រូវខិតខំប្រឹង ប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀម ខ្លួនជាបេក្ខជនតំណាងប្រទេសជាតិចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខាងមុខដើម្បីនាំកិត្តិយសជូនប្រទេសជាតិឱ្យល្បីល្បាញលើឆាកអន្តរជាតិ។ 

សូមបញ្ជាក់ថា តាមរយៈការបូកសរុបពិន្ទុរបស់គណៈកម្មការ មានបេក្ខជនជ័យលាភីទទួលបានមេដាយមាស ចំនួន ៧គ្រឿង (នារី ១រូប) ក្នុងនោះចំនួន៥គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយប្រាក់ ចំនួន ១៣គ្រឿង (នារី ១រូប)ក្នុងនោះចំនួន១១គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយសំរឹទ្ធិចំនួន ៥គ្រឿង និងទទួលបានវិញ្ញាបនបត្រល្អប្រសើរចំនួន ៤៧រូប (នារី ៥រូប)។ ជ័យលាភីដែលទទួលចំណាត់ថ្នាក់ទទួលបានមេដាយបានទទួល​រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖ 

· មេដាយមាស ទទួលបានប្រាក់រង្វាន់ ចំនួន ៣លានរៀល 

· មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ចំនួន ២លានរៀល 

· មេដាយសំរឹទ្ធិ ទទួលបានប្រាក់រង្វាន់ ចំនួន ១លានរៀល៕

ដោយ៖ សូរិយា


ចែករំលែក៖