ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា” ។​ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជន និងកីឡា បានឱ្យដឹងថា តបតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន​បាន​ឯក​ភាពផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា។

គម្រោងកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារ​បរិ​ក្ខារអប់រំនៅកម្ពុជា បានប្រើប្រាស់ថវិកាសរុប ២២.៥៩៥.៣៥០,១៤ដុល្លារអាមេរិក។ ក្នុងនោះថវិកា ២០.៤១៤.៩៩៥,១៤ដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២.១៨០.៣៥៥ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា គម្រោងនេះបានសាងសង់​អគារ​សិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។

តាមរយៈគម្រោងនេះ ទទួលបានសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖

-សាងសង់អគារសិក្សា ២៣ខ្នង មាន ២៩៩បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត

-សាងសង់អគារធនធាន ១៧ខ្នង ដែលមានបំពាក់សម្ភារៈសំខាន់ៗរួមមាន៖ បំពាក់គ្រឿងសង្ហារិមនៅគ្រប់បន្ទប់ និងមានតម្លើងប្រព័ន្ធសម្លេងនៅបន្ទប់ប្រជុំ ចំនួន១៧, បំពាក់កុំព្យូទ័រលើតុ ៣៤បន្ទប់ មានចំនួន ៥៤៤គ្រឿង ម៉ាស៊ីនបោះពុម្ព ចំនួន៣៤គ្រឿង, សៀវភៅអាន ៦០១ចំណងជើង មានចំនួន ៥១.៦៤៦ សៀវភៅ, អក្សរសិល្ប៍ខ្មែរ-កំណាព្យ អក្សរសាស្ត្រខ្មែរ រឿងនិទាន និងប្រជុំរឿងព្រេង ប្រវត្តិសាស្ត្រ-ជីវប្រវត្តិ សុភាសិតបុរាណ អរិយធម៌-វប្បធម៌-សិល្បៈ ឧបករណ៍តន្ត្រី-ភ្លេង របាំល្បែងប្រជាប្រិយខ្មែរ និងល្ខោនខ្មែរ គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា កុំព្យូទ័រ កេហកិច្ច សុខភាព-វេជ្ជសាស្ត្រ ផ្សេងៗ កសិកម្ម-សត្វ សៀវភៅភាសាបារាំង អង់គ្លេស ច្បាប់ហិរញ្ញវត្ថុ រូបវិទ្យា រឿងប្រលោមលោក វចនានុក្រម ភូមិវិទ្យា-ផែនដីវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម សិលធម៌ និងពលរដ្ឋវិទ្យា ទស្សនវិទ្យា ទេសចរណ៍ និងបរិស្ថាន និងបំពាក់ឧបរណ៍ពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា(រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) ចំនួន៣៤បន្ទប់។

-សាងសង់អគារអន្តេវាសិកដ្ឋាន ១ខ្នង មាន ៤៨បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត

-សាងសង់ផ្ទះសំណាក់គ្រូបង្រៀន ៥ខ្នង មាន១៥បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី (ស្នាក់នៅបាន ៥៥នាក់)

-សាងសង់បង្គន់អនាម័យ ៣២ខ្នង មាន១៦០បន្ទប់ និងអណ្តូងទឹកស្អាត ២៣កន្លែង

-សាងសង់តារាងបាល់ទាត់ចំនួន៨ កន្លែង និងតារាងបាល់បោះចំនួន១៥កន្លែង

-សាងសង់របងឥដ្ឋបេតុងប្រវែង ៦៤០ម៉ែត្រ និង ផ្លូវបេតុង ប្រព័ន្ធរំដោះទឹកប្រវែង ៧៥០ម៉ែត្រ។

តាមរយៈគម្រោងនេះ ភាគីកម្ពុជាទទួលបន្ទុកក្នុងការសិក្សា សមិទ្ធិលទ្ធភាព រចនាគម្រោង រៀបចំ​ការដេញថ្លៃ និងត្រួតពិនិត្យការងារសាងសង់ ព្រមទាំងទទួលបន្ទុករាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការងារទាំងអស់នេះ។

ភាគីកម្ពុជាទទួលបន្ទុកផងដែរក្នុងការជួយសម្រួលដល់ភាគីចិនលើការបំពេញបែបបទចេញ​-ចូល និងស្នាក់នៅរបស់អ្នកគ្រប់គ្រងគម្រោងចិន។ ភាគីចិនបានផ្តល់គណៈកម្មការគ្រប់គ្រងគម្រោង​ចិន (CPMC) ដែលទទួលបន្ទុកក្នុងការវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ដែលរៀបចំ​ដោយ​ភាគីកម្ពុជា និងឯកភាពលើការវិនិយោគគម្រោង ការចំណាយក្នុងការសាងសង់​ក្រោមទំហំពិដាន​ហិរញ្ញ​ប្បទាន ព្រមទាំងចាត់តាំងក្រុមហ៊ុនគ្រប់គ្រង ដើម្បីទទួលបន្ទុកក្នុងការត្រួតពិនិត្យ​បន្ថែម​លើ​គម្រោង។

ក្រៅពីការជួយអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង គម្រោងជំនួយរបស់ចិន ក៏បានគាំទ្រដល់ក្រុម​ការ​ងារ​អនុវត្តគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជា (Education Technical Assistance Project in Cambodia) ដែលបានជួយដល់៖

*១៖ ការអភិវឌ្ឍសៀវភៅសិក្សាគោលបច្ចេកវិទ្យា និងសារគមនាគមន៍ថ្នាក់ទី១០ សម្រាប់សិស្សជា​ភាសាខ្មែរ រួមមាន៖

-ការអភិវឌ្ឍសៀវភៅសិក្សាគោលបច្ចេកវិទ្យា និងសារគមនាគមន៍ ថ្នាក់ទី១០ សម្រាប់សិស្ស ដែលមាន ៤ជំពូក ១២មេរៀន។

-ការបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់សៀវភៅសិក្សាគោលបច្ចេកវិទ្យា និង សារគមនាគមន៍ ថ្នាក់ទី១០» ដល់គ្រូបង្រៀនកុំព្យូទ័រចំនួន ៣០០នាក់ មកពី ១៥០វិទ្យាល័យគោលដៅ។

-សាលារៀនគោលដៅនីមួយៗ ទទួលបានសៀវភៅសិក្សាគោល ICT ថ្នាក់ទី១០ ចំនួន៥០ក្បាល សម្រាប់បង្រៀនសិស្ស នៅតាមសាលារៀន។

-សៀវភៅសិក្សាគោលចំនួន ១០,០០០ក្បាល និងកម្មវិធីសិក្សាលម្អិតចំនួន ២,០០០ក្បាល ត្រូវ​បាន​បោះពុម្ពរួចរាល់នៅប្រទេសចិន និងបានដឹកជញ្ជូនមក ដល់រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែ​តុលា ឆ្នាំ ២០២៣ សម្រាប់ចែកចាយតាម សាលារៀនគោលដៅក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ។

-ការអភិវឌ្ឍធនធានឌីជីថលចំនួន ២០០វីដេអូ សម្រាប់គាំទ្រដល់​ការប្រើប្រាស់សៀវ​ភៅសិក្សា​ស្តីពីបច្ចេកវិទ្យា និងសារគមនាគមន៍ ថ្នាក់ទី១០ ត្រូវបានអភិវឌ្ឍរួចរាល់ ដោយមានការ​សហ​កា​ជាមួយក្រុមហ៊ុន Hunan Electronic And Audio-visual Publishing House។ ធនធាន​ឌីជី​​ថលនេះ បានដាក់បញ្ចូល ទៅក្នុងប្រព័ន្ធសិក្សាតាមអនឡាញ នៅដើមខែតុលា ឆ្នាំ២០២៣ ដើម្បីជួយសិស្ស រៀនជំនាញឌីជីថលដោយខ្លួនឯង។

*២៖ ការកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ រួមមាន៖

-ការកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ ផ្នែករឹង និងផ្នែកទន់ នៅអគាររដ្ឋបាលក្រសួង (ទីតាំង​ចៅ​ពញ្ញាហុក) ដោយបានរៀបចំជាបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ម៉ាស៊ីន server និងប្រព័ន្ធគ្រប់គ្រង​មជ្ឈ​មណ្ឌលទិន្នន័យ ដោយមានកិច្ចសហការ ជាមួយក្រុមហ៊ុន HUAWEI។ មជ្ឈមណ្ឌល​ទិន្នន័យ​មានអង្គចងចាំ ២តេរ៉ាបៃ (TB) និងទំហំ ផ្ទុក ១៣១ តេរ៉ាបៃ (TB)។

-បច្ចុប្បន្នមជ្ឈមណ្ឌលទិន្នន័យអប់រំ (Educational Data Center) កំពុងត្រូវបានប្រើប្រាស់​សម្រាប់រក្សាផ្ទុកទិន្នន័យថ្នាលឌីជីថលនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ។

-ការកសាងនិងអភិវឌ្ឍប្រព័ន្ធនៅលើមជ្ឈមណ្ឌលទិន្នន័យអប់រំ រួមមានប្រព័ន្ធសិក្សាតាមអន​ឡាញ ប្រព័ន្ធបណ្ណាល័យឌីជីថល និងប្រព័ន្ធគ្រប់គ្រងការិយាល័យ។

-ការបណ្ដុះបណ្ដាលអំពីប្រព័ន្ធសិក្សាតាមអនឡាញ និងប្រព័ន្ធបណ្ណាល័យឌីជីថល ជូនដល់​គ្រូ​បង្រៀន​គ្រប់មុខវិជ្ជា និងគណៈគ្រប់គ្រងវិទ្យាល័យសរុប ៧៥០នាក់ ស្រី ២៥៦នាក់ ជាពិសេស​នៅ​តាម​វិទ្យាល័យគោលដៅរបស់គម្រោង (ក្នុងរាជធានី ភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម) វិទ្យាល័យធនធាន និងវិទ្យាល័យ បណ្ដាញចំនួន ២២ ខេត្តផ្សេងទៀត។ វគ្គបណ្ដុះ​បណ្ដាលនេះរៀប​ចំឡើង ដោយក្រុមហ៊ុន Tianwen Digital Media Technology (Hunan) Co., Ltd (Teewon) ដោយមានការគាំទ្រពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និង កីឡា។

*៣៖ ការអភិវឌ្ឍធនធានឌីជីថលសម្រាប់ការប្រឡងថ្នាក់ជាតិ រួមមាន៖

-ការអភិវឌ្ឍធនធានឌីជីថល (ជាប្រភេទវីដេអូបង្រៀន) សម្រាប់ការប្រឡងថ្នាក់ជាតិមុខវិជ្ជា​ប្រវត្តិ​វិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សរុបចំនួន ៤៨០វីដេអូ និងក្នុងមួយមុខវិជ្ជាចំនួន ៩៦​វីដេ​អូ។

-ធនធានឌីជីថលទាំងនេះ គ្រោងដាក់បញ្ចូលទៅក្នុងប្រព័ន្ធសិក្សាតាមអនឡាញដោយក្រុមហ៊ុន Hunan Electronic and Audio-visual Publishing House បន្ទាប់ពីមានការអនុម័ត ពីរដ្ឋា​ភិបាល​ចិន និងក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ តារា


ចែករំលែក៖