ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទអំពើលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួននៅផ្ទះសំណាក់ក្នុងក្រុងបានលុង ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
លោក ផន ទុំ នាយប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកបានឲ្យដឹងថា ដោយជនរងគ្រោះមានឈ្មោះ ហេង សុខលី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ជាម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងថា មានចោរចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួនប្រហែលជាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៦ ពេលគាត់មិននៅផ្ទះ ក្រោយពីបានទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ឡាបានសៀក បានស្រាវជ្រាវ និងកំណត់មុខសញ្ញាចំនួនម្នាក់ ដែលស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ពន្លឺពេជ្រ ។
លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យនោះមានឈ្មោះ ពេជ្រ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរមិនពិតប្រាកដ ដកហូតបានវត្ថុតាង គឺរូបសេះចំលាក់មួយគូធ្វើអំពីឈើប្រភេទធ្នង់ ដោយគេដឹងថា ជនសង្ស័យនេះទើបតែមកពីប្រទេសថៃ ប្រហែលបាន១អាទិត្យតែប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការបន្ត ៕ វុទ្ធឦសាន្ត