ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីថ្លែងការណ៍ ៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖

១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយក បញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ច សហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV- DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហ ប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

៤- អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាត ចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយ សកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និង ពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោងប្រករបស់ ខ្លួនតែប៉ុណ្ណោះ។

៥- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយ ច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរ ការកសាងជាតិបានជាដាច់ខាត។

៦- រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់ សូម្បីមួយមិល្លីម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ បញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត៕

ដោយ​៖ តារា


ចែករំលែក៖